កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ករណីឃាតកម្មមកលើសន្តិសុខក្រុមហ៊ុន សូ ងួន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបក្រុមជនបង្កបានចំនួនពីរនាក់ នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់ប្រាប់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា យោងតាមចម្លើយសារភាពអ្នកដែលធ្វើសកម្មភាពបាញ់គឺឈ្មោះ ស៊ូ ធា ដែលជាមេខ្លោង ហើយបានប្រើប្រាស់កាំភ្លើងអាការបាញ់មកលើក្រុមសន្តិសុខក្រុមហ៊ុន សូ ងួន ដោយមានគ្នាប្រមាណជិត ២០នាក់ ហើយអ្នកផ្សេងៗទៀតបានប្រើប្រាស់អាវុធកែច្នៃបាញ់មកលើក្រុមសន្តិសុខផងដែរ ។ ជនដៃដល់ឈ្មោះ ស៊ូ ធា បានកំពុងលាក់ខ្លួនលើភ្នំចម្ងាយពីកន្លែងកើតហេតុប្រហែល ៥គីឡូម៉ែត្រ ដោយយកទៅជាមួយនៅអាវុធអាការ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ចាក់ទៀតថា បច្ចុប្បន្នកម្លាំងជំនាញនៅបន្តឡោមព័ទ្ធនៅខាងក្រោមជើងភ្នំ ។ ដោយឡែកជនសង្ស័យពីរនាក់ ដែលបានឃាត់ខ្លួនទី១-ឈ្មោះ ញ៉ាន សែង ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត និង២-ឈ្មោះ ស៊ឹម ថែ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញនាំយកមកស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសួរនាំបន្តដើម្បីរកបក្ខពួកបន្ថែមទៀត ៕
មតិយោបល់