ភ្នំពេញៈ សត្វពស់ថ្លាន់មួយក្បាលទម្ងន់ជាង៣០គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញលូនវាតាមផ្លូវ ក៏ចាប់យកទៅប្រគល់ជូនអាជ្ញាធរ អង្គការអភិរក្សសត្វព្រៃ នៅផ្ទះមេភូមិ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា ដីឡូត៍ ដីទំនាប ដក់ទឹក ព្រៃ ស្មៅ ក្នុងមូលដ្ឋាន ត្រូវបានម្ចាស់ ពលរដ្ឋ ចាក់លុបសង់ផ្ទះ ជាបន្តបន្ទាប់ ធ្វើឲ្យសត្វល្មូនប្រភេទនេះ អស់ទីជម្រក ហើយជារឿយៗ គេតែងឃើញសត្វពស់ថ្លាន់លូនវា តាមផ្លូវ ហើយនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្រាប់តែប្រទះឃើញពស់ថ្លាន់មួយក្បាលវារតាមផ្លូវក្នុងភូមិ វិលទៅ ត្រឡប់មក ដោយទឹកចិត្តរួមចំណែកថែរក្សាសត្វព្រៃ ទើបនាំគ្នាចាប់យកទៅប្រគល់ជូនលោកមេភូមិ ដើម្បីរាយការណ៍ប្រគល់ជូនខាងអង្គការអភិរក្សសត្វព្រៃ ទើបមានសុវត្តិភាព ។
សត្វពស់ថ្លាន់មួយក្បាលនេះ ទម្ងន់ជាង៣០គីឡូក្រាម ក្រោយពីចាប់បាន នាំយកទៅប្រគល់ជូនអាជ្ញាធរ នៅផ្ទះមេភូមិថ្មគោល១ និងរង់ចាំប្រគល់ជូនខាងអភិរក្សសត្វព្រៃមកទទួលយកទៅព្រលែង ទុកនៅតំបន់មានសុវត្តិភាព ជៀសវាងធ្លាក់លើដៃជនខិលខូច យកទៅធ្វើជាមុខរបរជំនួញជួញដូរសត្វព្រៃដោយខុសច្បាប់ ៕
មតិយោបល់