កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី មានករណីអំពើហិង្សា និងគម្រាមកំហែងថានឹងសម្លាប់ កើតហេតុត្រង់ចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃស្រុកកោះធំ ខេត្ដកណ្ដាល ។
ជនរងគ្រោះឈ្មោះ ស្រ៊ុន លាងហ៊ី ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្ដកណ្ដាល មុខរបរកសិករ ។
ជនសង្ស័យឈ្មោះ អាន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្ដកណ្ដាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖
១–កាំបិតប៉័ងតោ ប្រវែង ៣០ស.ម ចំនួន០១។
២–ដំបងឫស្សី០១ដើម ប្រវែង ២២០ ស.ម។
៣–អំបែងកែវនិងអំបែងចានមួយចំនួនទៀត ។
កន្លងមកក្រោយពីឈ្មោះ អាន រដ្ឋា បានចេញពីមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ត្រឡប់មកផ្ទះ វិញគឺបានវាយបំផ្លាញរបស់របរក្នុងផ្ទះរបស់ខ្លួនខូចខាតគ្មានសល់ ហើយបងស្រីម្នាក់ក៏បានរត់ចេញពីផ្ទះបាត់ដោយខ្លាច សម្លាប់ចោល។ នៅថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៩ និង១០នាទី ជនសង្ស័យឈ្មោះ អាន រដ្ឋា បានកាន់ កាំបិត មកឈរខាងមុខផ្ទះឈ្មោះ ស្រ៊ុន លាងហ៊ី ហើយបានស្រែកគម្រាមថាអាញ់និងសម្លាប់ចោលមួយពូជចោល ទាំងអស់ ហើយឈ្មោះ អាន រដ្ឋា ក៏ដើរត្រឡប់ទៅផ្ទះវិញបាត់ទៅ។ ក្រោយមកនៅមុនពេលកើតហេតុថ្មីៗនេះ ជនសង្ស័យ តែងតែយក អំបែងកែវ អំបែងចានគប់ចូលទៅខាងមុខផ្ទះរបស់ជនរងគ្រោះ និងនិយាយគម្រាមកំហែងដល់អាយុជីវិត ក្រុមគ្រួសារជនរងគ្រោះជាបន្តបន្ទាប់ តែខាងក្រុមគ្រួសារជនរងគ្រោះពុំតបតអ្វីទេ។ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី ពេលឈ្មោះ លាងហ៊ី ចាន់នេត ត្រូវជាកូនស្រីរបស់ជនរងគ្រោះ រៀបនិងដើរចេញ ពីផ្ទះទៅទិញម្ហូបស្រាប់តែ ឈ្មោះ អាន រដ្ឋា បានចុះមកពីខាងលើផ្ទះរបស់ខ្លួនដែលនៅទល់មុខផ្ទះគ្នាបានទាញយកដំបង ឈើឫស្សី០១ដើម គប់ចូលទៅរកកូនស្រីជនរងគ្រោះតែពុំត្រូវ និងបានស្រែកគម្រាមថានឹងរកសម្លាប់ចោលទាំងអស់គ្នា។ ក្រោយមកនៅរសៀលថ្ងៃដដែល ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកជ្រៃតែម្ដង។ ក្រោយពីទទួលបានបណ្ដឹងភ្លាមកម្លាំងនគរបាលប៉ុស្ដិ៍ បានចុះស្រាវជ្រាវភ្លាមៗដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួន ជនសង្ស័យ យកមកកាន់ប៉ុស្ដិ៍រដ្ឋបាល និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង៕






មតិយោបល់