ព័ត៌មានជាតិ

មីកំប៉ុង ទឹកក្រូច ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានមន្ត្រីជំនាញរកឃើញ នៅផ្សារបាណន់

បាត់ដំបងៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តបាត់ដំបង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារ។ ជាមួយគ្នានោះ មន្ត្រីយើងបានពន្យល់ណែនាំអាជីវករឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការបិទស្លាកតម្លៃប្រាក់រៀលលើផលិតផលទំនិញ និងសេវា ក្នុងគោលបំណងដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

*ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរូមមាន៖
– ពពុះសណ្ដែក ចំនួន ១គីឡូក្រាម
– មីកំប៉ុង ចំនួន ៥៤កំប៉ុង ស្មើនឹង ៦គីឡូក្រាម
– ទឹកក្រូច ចំនួន ២៤ដបចំណុះ ១.៥លីត្រ ស្មើនឹង ៣៦គីឡូក្រាម
សរុបទំនិញដកបានសរុបចំនួន ៤៣គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមកកម្ទេចចោលតាមនិតីវិធីនាពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់