ព័ត៌មានជាតិ

ភេសជ្ជៈប៉ូវកម្លាំងក្លែងក្លាយនិងទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ជាច្រើនត្រូវបានរកឃើញនៅផ្សារស្វាយជ្រំ

ស្វាយរៀង: យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់​ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា​នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ប.ក.ក. ខេត្តស្វាយរៀង ដោយមានការសហការជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

  • ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរូមមាន៖
  • ពពុះសណ្តែក ចំនួន ១០គីឡូក្រាម មានសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax)
  • ទឹកភេសជ្ជ:ប៉ូវកម្លាំង ចំនួន ៤កេះ (ក្លែងក្លាយ និងហួសកាលបរិច្ឆេទប្រើប្រាស់)
  • ទឹកក្រូចចំណុះ ១.៥លីត្រ ចំនួន ៣៦ដប
  • នំធុង ចំនួន ២ធុង
  • ទឹកត្រចៀកកាំ ចំនួន ២កេះ
  • ទឹកដោះគោឆៅ ចំនួន ១៦ យួរ

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមកកម្ទេចចោលតាមនិតីវិធីនាពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់