ព័ត៌មានជាតិ

មករស់នៅជាមួយគេបណ្ដោះអាសន្ន ឃើញម៉ូតូម្ចាស់ផ្ទះជាប់សោនៅម៉ូតូ ក៏ជិះយកទៅបាត់ លុះ៧ខែក្រោយមក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាជនសង្ស័យម្នាក់ មករស់នៅក្នុងផ្ទះជាមួយគេជាបណ្ដោះអាសន្ន ឃើញម៉ូតូម្ចាស់ផ្ទះជាប់សោនៅនឹងម៉ូតូ ក៏ជិះយកទៅបាត់តែម្ដង លុះ៧ខែក្រោយមក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចខាងកើតស្ពានព្រែកសំរោង ស្ថិតនៅក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលករណីនេះ បានកើតឡើងកាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទីនៅចំណុចភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុក សៀកមួយ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ។ ចំណែកជនសង្ស័យឈ្មោះ គូ ចាន់ទី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពដដែលបន្តថា កាលពីមុនពេលកើតហេតុ ជនសង្ស័យបានមកសុំផ្ទះជនរងគ្រោះស្នាក់នៅជាបណ្ដោះអាសន្ន ដើម្បីធ្វើការដូរយកបាយហូប ក្រោយពីជនសង្ស័យលែងលះជាមួយប្រពន្ធខ្លួន។ លុះមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះបានទុកម៉ូតូម៉ាក ហុងដាស្កុបពី (HONDA SCOOPY) នៅសំយ៉ាបមុខផ្ទះដោយមានជាប់សោនៅនឹងម៉ូតូផង ខណ:នោះជនសង្ស័យក៏បានយកម៉ូតូរបស់ជនរងគ្រោះជិះទៅបាត់តែម្ដង បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្អាងភ្នំ ដើម្បីស្រាវជ្រាវចាប់ខ្លួន។

រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៤០នាទី ឈ្មោះ សុខ សែ ត្រូវជាពូបង្កើតរបស់ជនរងគ្រោះបានប្រទះឃើញជនសង្ស័យ នៅចំណុចខាងកើតស្ពានព្រែកសំរោង ស្ថិតនៅក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្ដិ៍ព្រែកថ្មីហើយបានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបានយកម៉ូតូភិនភាគខាងលើពិតប្រាកដមែន ហើយខ្លួនបានយកទៅឲ្យឈ្មោះ ចាន់ ភេទប្រុស អាយុប្រហែល២៧ឆ្នាំ យកទៅដាក់បញ្ចាំនៅរាជធានីភ្នំពេញ។ ហើយនៅពេលថ្មីៗនេះឈ្មោះ ចាន់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់