ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅផ្ទះល្វែង ផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងអាជ្ញាធរណ្ឌពោធិសែនជ័យ និងកម្លាំងអាជ្ញាធរសង្កាត់ចោមចៅ៣ ចុះទៅបង្ក្រាបឃាត់ខ្លួន ដកហូតបានសម្ភារៈ មួយចំនួន យុវជនប្រុសស្រី ២០នាក់ ជាអ្នកញៀនល្បែងហ្គេមអនឡាញ។
តាមប្រភពពីអាជ្ញាធរបានឲ្យដឹងថា កម្លាំងប្រតិបត្តិការ ដឹកនាំដោយអភិបាលរងខណ្ឌពោធិ៍សែនជ័យ រួមសហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ចោមចៅ៣ ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសង តាមប្រព័ន្ធអ៊ិនធឺណេត ។ ហើយទីតាំងខាងលើ ស្ថិតនៅក្បែរសាលារៀន ប្រមូលផ្តុំដោយក្រុមយុវជន យុវនារី ចូលលេង ភ្លេចផ្ទះ ភ្លេចសាលារៀន វក់ងុបនិងល្បែងស៊ីសង ក្រោយពីមានការរាយការណ៍ពី ប្រជាពលរដ្ឋ មាតាបិតាសិស្ស ទើបនៅថ្ងៃទី២៦ ខែវិច្ឆិកា នេះ បង្ក្រាបជាក់ស្តែង ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ២០នាក់ ប្រុស ១៤នាក់ ស្រី ៦នាក់ ភាគច្រើនជាសិស្សសាលា និងដកហូតកុំព្យូទ័រចំនួន ២៤គ្រឿង ម៉ូតូចំនួន ៥គ្រឿង។
ក្រោយពីបង្ក្រាបទីតាំងបនល្បែងស៊ីសងអនឡាញ មនុស្សទាំង ២០នាក់ សម្ភារៈពាក់ព័ន្ធ អាជ្ញាធរ នាំយកទៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់វិធានការអប់រំ ធ្វើកិច្ចសន្យា មុននឹងអនុញ្ញាតិឲ្យត្រឡប់វិលវិញ រីឯផ្ទះបើកល្បែងខាងលើនេះត្រូវបានអាជ្ញាធរបិតទ្វារបណ្តោះអាសន្ន រង់ចាំសម្រេចប្រគល់ឲ្យម្ចាស់ទីតាំងខាងលើវិញ៕












មតិយោបល់