ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០២០ វេលាម៉ោង ៦និង១៥នាទីល្ងាច មានករណីអំពើហិង្សាដោយចេតនា បង្កឡើងដោយឈ្មោះ សុត សៀវលីង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយយាយឈ្មោះ សុត សន អាយុ ៨៦ឆ្នាំរស់នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន បានទះកំភ្លៀងចំនួន២ដៃទៅលើយាយរបស់ខ្លួន បណ្តាលយាយវ័យចំណាស់រូបនេះដួលសន្លប់ និងបានយកកាំបិតប៉ុនប៉ងកាប់ទៅលើឈ្មោះ ណឹក ម៉ៅ ភេទស្រី អាយុ ៦០ឆ្នាំ នៅភូមិជាមួយគ្នា ត្រូវជាអ៊ំតែមិនបានសម្រេច ហើយបានកាប់បំផ្លាញចាន ឆ្នាំងអស់មួយចំនួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានទៅសមត្ថកិច្ចមូលដ្ឋានដើម្បីជួយអន្តរាគមន៍ ។
ប្រភពព័ត៌មានពីស្ត្រីរងគ្រោះឈ្មោះ ណឹក ម៉ៅ ត្រូវជាអ៊ំស្រីជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើគឺជាមនុស្សធ្លាប់ជក់គ្រឿងញៀន និងបានផឹកស្រាស្រវឹង រួចប្រើហិង្សាទះកំភ្លៀងយាយចំនួន២ដៃត្រូវទាំងសងខាង បណ្តាលឲ្យដួលសន្លប់ ខណ:នោះដែរ ជនរងគ្រោះត្រូវបានឈ្មោះ ទ្រី ឡេង ភេទស្រីត្រូវជាកូនឌុបម៉ូតូយកទៅផ្ទះកូននៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកានដើម្បីគេចផុតពីអំពើហិង្សានេះ។
មន្ត្រីនគរបាលប៉ុស្តិ៍អូរតាប៉ោងបានឲ្យដឹងថា ក្រោយពីកម្លាំងនគរបាលទទួលព័ត៌មាននេះភ្លាម កម្លាំងនគរបាលយើងបានចុះទៅជួយអន្តរាគមន៍និងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុត សៀវលីង រួមទាំងវត្ថុតាងមានដាវ១ នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកានដើម្បីចាត់ការបន្ត ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបានបន្តថា ករណីហិង្សានេះបណ្តាលមកពីជនសង្ស័យផឹកស្រាស្រវឹងខឹងយាយជេរ មិនជួយធ្វើការ ៕

មតិយោបល់