សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា នៅស្រុកសូទ្រនិគម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមានរថយន្តម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល 2C.7374 បើកបរដោយឈ្មោះសន ដា ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅ ភូមិលេខ០៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបើកបុករថយន្តម៉ាកបាឡែនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH.9870 បើកបរដោយ ឈ្មោះស្រី មាន ភេទស្រី អាយុ៤៤ឆ្នាំ ទីលំនៅភូមិឬស្សីត្រាចឃុំឬស្សីត្រាច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ក្នុងទិសដៅផ្ទុយគ្នា) ហើយក៏មានរថយន្តម៉ាសាំយ៉ុង ពណ៌លឿង គ្មានស្លាកលេខ បើកបរ ដោយឈ្មោះហ៊ីន លឹម ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិពាមកោះស្នា ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បុកពីក្រោយ រថយន្តម៉ាកបាឡែន បណ្ដាលអោយរបួសមនុស្ស០២នាក់(ធ្ងន់ម្នាក់ ស្រាលម្នាក់)។
ជនរងគ្រោះទី១មាន ឈ្មោះម៉ែន សារុំ ភេទស្រី អាយុ៧០ឆ្នាំ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល(របួសធ្ងន់) ជាអ្នករួមដំណើរ ជាមួយរថយន្តហាយលែនឌ័រ។ ទី២ឈ្មោះស្រី មាន ភេទស្រី អាយុ៤៤ឆ្នាំ (របួសស្រាល) ជាអ្នកបើកបររថយន្តម៉ាកបាឡែន។
សូមបញ្ជាក់ថាអ្នករបួសត្រូវបាន
បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បច្ចុប្បន្ន រថយន្តទាំងអស់ត្រូវ សមត្ថកិច្ចយកទៅរក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់៕
មតិយោបល់