ព័ត៌មានជាតិ

កូនប្រុសម្នាក់ គំរាមកាប់ម្តាយ ត្រូវម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ប៉ៃលិន: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ប្រជាពលរដ្ឋបានឃាត់ខ្លួនបុរសម្នាក់ប្រគល់ឲ្យកម្លាំងនគរបាលស្រុកសាលាក្រៅ ពាក់ព័ន្ធករណីបង្កហិង្សា ។
លោកវរសេនីយ៍ទោ ថឹង ថន នាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងឹថា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នេះថា កាលពីវេលាម៉ោង ២១និង០០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០ មានករណីក្មេងទំនើងបង្កការអុកឡុកក្នុងសង្គមចំនួន០១ករណី កើតឡើងនៅក្នុងភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកនាយការិយាល័យបន្តថា ជនសង្ស័យឈ្មោះ ចេន ចិត្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
លោកវរសេនីយ៍ទោ ថឹង ថន បន្ថែមថា នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃខែឆ្នាំដដែលមុនពេលកើតហេតុម្ដាយរបស់ជនសង្ស័យបានមកប្ដឹងលោកមេភូមិស្លា ថាកូនប្រុសរបស់គាត់បានគំរាមរកកាប់គាត់បន្ទាប់មកលោកមេភូមិក៏បានទៅដល់ហើយជនសង្ស័យនោះក៏បានដេញកាប់លោកមេភូមិ ភ្លាមៗនោះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាន ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យារាងចាល និងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ។ លុះមកដល់វេលាម៉ោង២១និង០០នាទី ជនសង្ស័យបានយកពូថៅមកដេញកាប់លោកមេភូមិម្ដងទៀត តែត្រូវបងប្អូន និងប្រជាពលរដ្ឋជួយឃាត់ ស្របពេលនោះកម្លាំងប្រចាំបញ្ជានៃអធិការដ្ឋានចុះល្បាតនៅជិតភូមិសាស្រ្តនោះក៏បាននាំខ្លួនជននោះមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

មូលហេតុ: ផឹកស្រាស្រវឹង ។ វត្ថុតាងដកហូតរួមមាន៖ កាំបិតវែងចំនួន០១, កាំបិតប៉័ងតោចំនួន០១,ពូថៅចំនួន ០១ ។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការនគរបាលស្រុកសាលាក្រៅ ៕

មតិយោបល់