ព័ត៌មានជាតិ

ស្រ្តី២នាក់ជាមុខសញ្ញា បើកនិងលេងល្បែងស៊ីសងខុសច្បាប់ កត់កន្ទុយលេខឆ្នោតរៀតណាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ចាម: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតរៀតណាម) នៅចំណុចផ្ទះរបស់ ឈ្មោះ យុាំ សុខរស់ ស្ថិតនៅភូមិតាខ្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាក់ ឈ្មោះ យុាំ សុខរស់ ភេទស្រី អាយុ៥២ឆ្នាំ ជាតិខ្មែរ និងម្នាក់ទៀតឈ្មោះ ស៊ូ ណា ភេទស្រី អាយុ៥២ឆ្នាំ ជាតិខ្មែរ ទាំងពីរអ្នករស់នៅភូមិអ្នកតាខ្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ដកហូតវត្ថុតាងរួមមាន៖១-ទូរសព្ទដៃចំនួន០៤គ្រឿង,២-ប៊ិក០២ដើម,៣-ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន០២សន្លឹក
,៤-កន្ទុយលេខឆ្នោតវៀតណាមចំនួន៣៩សន្លឹក,៥-សៀវភៅកត់លេខឆ្នោតវៀតណាមចំនួន០១ក្បាល,-ប្រាក់រៀលចំនួន ៦៤៥,០០០ រៀល(ប្រាំមួយសែនបួនម៉ឺនប្រាំពាន់រៀល)។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំសុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

មតិយោបល់