ព័ត៌មានជាតិ

ពលរដ្ឋនិងម្ចាស់ផ្ទះ ប្រដៅជនសង្ស័យម្នាក់ យ៉ាងចាស់ដៃ កុំបាននគរបាលទៅទាន់ ម្ល៉េះលាលោកនេះទៅបាត់….

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលលួចលុយក្នុងផ្ទះ ត្រូវបានម្ចាស់ផ្ទះនិងប្រជាពលរដ្ឋជិតខាង ចាប់បានប្រដៅយ៉ាងចាស់ដៃ កុំតែនគរបាលចុះទៅទាន់ម៉្លេះប្រហែលជាគ្រប់ ដែលក្នុងនោះ ក៏រងរបួសលើផ្ទៃមុខ បែកច្រមុះប្រហែល០៣ថ្នេរផងដែរ។

អធិការនគរបាលស្រុកថ្មពួកលោកវរសេនីយ៍ទោ ឈឿន គឹមឈុន បានឲ្យដឹងថា នៅវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ មានប្រជាពលរដ្ឋឈ្មោះ មាន ចាន់ថន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្ដឹងរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតថា មានករណីប្រជាពលរដ្ឋចាប់បានចោរចូលលួចលុយនៅក្នុងផ្ទះរបស់ម្ចាស់ឈ្មោះ ប្រាក់ ថង ភេទស្រី​ អាយុ៦០ឆ្នាំ នៅចំណុចផ្សារពីរជាន់បឹងត្រកួន (កំពង់សាងសង់)​ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ បានឃើញប្រជាពលរដ្ឋចាប់ជនសង្ស័យឈ្មោះ ផ្លាយ សុផ្លា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងនាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ដើម្បីធ្វើការសាកសួរ។

លោកអធិកាបានបញ្ជាក់ថា​ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានចូលលួចយកលុយរបស់ឈ្មោះ ប្រាក់ ថង នោះពិតប្រាកដមែន ។ ម្យ៉ាងវិញទៀតនៅពេលដែលនគរបាលចុះទៅដល់ន្លែងនោះឃើញមានវត្ថុតាងលុយថៃដែលជនសង្ស័យលួចបានចំនួន៤,៨៤០បាត(បួនពាន់ប្រាំបីរយសែសិបបាត) និងលុយខ្មែរចំនួន១៥0,000រៀល(ដប់ប្រាំម៉ឺនរៀល)។លុយទាំងអស់បានប្រគល់ជូនម្ចាស់ដើមវិញ ។ ចំណែកជនសង្ស័យឈ្មោះ ផ្លាត សុផ្លា បញ្ជូនទៅព្យាបាលរួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់