ព័ត៌មានជាតិ

កម្លាំងនគរបាល បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់

កំពង់ចាម: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥ និង០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងបាញ់អាប៉ោងដាក់ប្រាក់) នៅចំណុចដីចម្ការស្វាយចន្ទី ស្ថិតនៅភូមិសំរោង ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់គឺ ៖

១-ឈ្មោះ ហង់ នី ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ នៅភូមិគីឡូតិ៍១៣ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
២-ឈ្មោះ ផន វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ នៅភូមិជីក្រែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ
៣-ឈ្មោះ ហោ សេងហា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ នៅភូមិអូរក្រញូង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ

ដកហូតវត្ថុតាងមួយចំនួនរួមមាន៖១-មាន់ជល់ងាប់ចំនួន០៤ក្បាល,២-ជញ្ជីងថ្លឹងមាន់ចំនួន០១
,៣-ស៊ុក្រុងមាន់ចំនួន១០,៤-ស្គុតរុំខ្នាយមាន់ចំនួន០៦ដុំ,៥-កន្ត្រកដាក់មាន់ចំនួន០៤,៦-កន្ធន់ទ្រចានអាប៉ោងចំនួន០១
,៧-ផ្ទិលគ្របចានអាប៉ោងចំនួន០១៨-ក្រណាត់សង្វៀនមាន់ពណ៌ខ្មៅចំនួន០១,៩-ម៉ូតូចំនួន០៨គ្រឿង (រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម)។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

មតិយោបល់