ព័ត៌មានជាតិ

សង្វេគណាស់! កម្មករសំណង់ម្នាក់ ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ដោយបន្សល់ទុកតែពាក្យមួយឃ្លាយ៉ាងខ្លី

ភ្នំពេញ: បុរសម្នាក់ជាកម្មករសំណង់ បានគិតខ្លីធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ស្លាប់យ៉ាងអាណោចអាធ័ម ដោយបន្សល់ទុកក្រដាស់មួយសន្លឹក ដែលមានពាក្យមួយឃ្លាយ៉ាងខ្លី បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង ០០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះអត់លេខ ផ្លូវឌើងហែម កែងនិងផ្លូវ៣៤៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ។

សពជនរងគ្រោះឈ្មោះ ម៉ៅ សារេត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិសំបាត ឃុំខ្នារពោធិ ស្រុកសូត្រនិគម ខេត្តសៀមរាប ។

បើតាមសម្តីពីបុរសម្នាក់ សូមមិនបញ្ចេញឈ្មោះ ដែលជាអ្នកធ្វើការជាមួយ និងជនរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យឲ្យដឹងថា ជនរងគ្រោះបានធ្វើការនិងស្នាក់នៅផ្ទះកើតហេតុ ដែលជាផ្ទះរបស់មេការទុកសម្រាប់ឲ្យកម្មករស្នាក់នៅ អស់រយ:ពេលប្រមាណ៨ខែមកហើយ ។ រួចចាប់តាំងពីជនរងគ្រោះមកធ្វើការនិងស្នាក់នៅផ្ទះកើតហេតុ ក៏មិនដែលឃើញជនរងគ្រោះមានប្រវត្តិអ្វីនោះទេ ។ ហើយជនរងគ្រោះក៏មិនដែលប្រាប់អ្នករួមការងារជាមួយណាម្នាក់ថា ខ្លួនមានបញ្ហាអ្វីនោះដែល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ពួកគាត់រួមជាមួយនិងជនរងគ្រោះ បានត្រឡប់មកពីការដ្ឋានសំណង់ ដែលនៅម្តុំផ្សារដេប៉ូ និងមកសម្រាកនៅផ្ទះកើតហេតុជាធម្មតា ។ ហើយបន្ទាប់ពីពួកគាត់និងជនរងគ្រោះ បានហូបបាយពេលល្ងាច រួចមកជនរងគ្រោះក៏បានទិញស្រាបៀរចំនួន២កំប៉ុងផឹកតែម្នាក់ឯងមុនពេលចូលដេក ។ លុះដល់ម៉ោង៩យប់ថ្ងៃកើតហេតុ កម្មករទាំងអស់ក៏បានទៅដេកតាមកន្លែងរៀងៗខ្លួន ។ ដោយគាត់និងកម្មករចំនួន៣នាក់ទៀត បានដេកនៅក្នុងបន្ទប់ជាន់ផ្ទាល់ដី ចំណែកឯជនរងគ្រោះដេកម្នាក់ឯង នៅខាងក្រៅបន្ទប់ជាន់ផ្ទាល់ដី រីឯអ្នកផ្សេងទៀតបានទៅដេកនៅជាន់ខាងលើ ។ ហើយពេលនោះកម្មករទាំងអស់ក៏បានបិទភ្លើងចូលដេកស្ងាត់អស់នៅឡើយតែគាត់មិនទាន់ងងុយនៅដេកមើលទូរស័ព្ទនៅក្នុងបន្ទប់។ខណ:ពេលនោះគាត់ក៏បានលឺសំឡេងបុរសរងគ្រោះនៅមិនទាន់ដេកលក់និងកំពុងតែធ្វើអ្វីមិនដឹងនៅកន្លែងរបស់ជនរងគ្រោះ ។ ហើយគាត់ក៏មិនបានចាប់អារម្មណ៍ រួចក៏មិនបានសួរនាំទៅជនរងគ្រោះដែរ បន្ទាប់មកជនរងគ្រោះ ក៏បានដើរចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ ។ មួយស្ទុះក្រោយមកគាត់ក៏បានងើបទៅបន្ទប់ទឹក ដើម្បីបត់ជើងតូច តែខណ:ពេលទៅដល់ក៏ឃើញទ្វារបន្ទប់ទឹកបានបិទនិងបើកភ្លើងពីខាងក្នុង ។ ពេលនោះគាត់ក៏មិនបានគាស់ទ្វារសួរអ្វីនោះទេ ដោយគិតថាជនរងគ្រោះនៅខាងក្នុង ។ ប្រមាណជា២០នាទីក្រោយមកគាត់ក៏បានទៅជាលើកទី២ និងលើកទី៣ជាបន្តបន្ទាប់ ប៉ុន្តែទ្វារបន្ទប់ទឹកនៅតែបិទដដែល ។ រហូតដល់វេលាកើតហេតុ គាត់ក៏បានទៅបន្ទប់ទឹកជាលើកទី៤ ហើយពេលដែលទៅដល់ ក៏ឃើញអំពូលភ្លើងបន្ទប់ទឹកបានបិទ ហើយគាត់ក៏បើកទ្វារនិងបើកភ្លើងចូលទៅ ស្រាប់តែឃើញជនរងគ្រោះ បានចងកសម្លាប់ខ្លួនជាប់និងឥដ្ឋខ្យល់បន្ទប់ទឹក ។ ភ្លាមៗនោះគាត់ក៏ស្រែកឆោឡោឲ្យគេមកជួយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករ ដែលស្នាក់នៅក្នុងផ្ទះកើតហេតុ នាំគ្នាងើបមកជួយកាត់ខ្សែទម្លាក់ជនរងគ្រោះ មកខាងក្រោម តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ រួចក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ចជំនាញកោសល្យវិច័យ ចុះមកធ្វើការអន្តរាគមន៍តែម្ដង។

បន្ទាប់ពីសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យទៅលើសពជនរងគ្រោះរួចមកឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន និងបានរកឃើញក្រដាស់មួយសន្លឹក ដែលជនរងគ្រោះបានសរសេរថា “សុំទោសអ្នកទាំងអស់គ្នាដែលខ្ញុំត្រូវធ្វើបែបនេះ” ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនង ទៅកាន់សាច់ញាតិរបស់ជនរងគ្រោះ និងបានប្រគល់សពជនរងគ្រោះទៅឲ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត ៕

មតិយោបល់