ព័ត៌មានជាតិ

ប្រពន្ធស្រែកទ្រហោយំ ស្ទើរតែក្ស័យប្រាណតាមប្ដី! ករណីរថយន្តបុកម៉ូតូ ផ្ដាច់ជីវិតបុរសម្នាក់ភ្លាមៗ នៅក្រុងតាខ្មៅ

កណ្ដាលៈ នៅថ្ងៃអាទិត្យ ១៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៦និង៤០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ត្រង់ចំណុចខាងមុខផ្ទះ ស៊ុយ ពៅ កាត់កញ្ចក់ លើផ្លូវ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

អ្នកបើកបរឈ្មោះ យ៉ែម ទី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិសមាគម ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6774 អ្នកបើករថយន្តឈ្មោះ យ៉ែម ទី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិសមាគម ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ឃាត់ខ្លួន) រថយន្តបើកក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូម៉ាក SUZUKI LETS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HE-9186 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ជិន មករា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ផ្ទះ៨០ ផ្លូវលំ ភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ សពត្រូវបានយកទៅតម្កល់ទុកនៅវត្តព្រែកសំរោង ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ) ម៉ូតូបើកក្នុងទិសដៅពី កើត ទៅ លិច (បញ្រ្ចាស់ទិសគ្នា) ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក បណ្ដោះអាសន្ននៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី។

មូលហេតុ៖ មកពីអ្នកបើកបររថយន្តបើកជែងចូលចំណែកផ្លូវរបស់ម៉ូតូ ៕

មតិយោបល់