ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបានហើយ យុវជនដែលបង្កើតគណនី facebook ក្លែងក្លាយជេរប្រមាថបរិហារកេរ្តិ៍ថ្នាក់ដឹកនាំកំពូល អភិបាល និងស្នងការតាមបណ្ដាខេត្តនានា

កែបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងជនរងគ្រោះជាច្រើននាក់ និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវរហូតដល់មានការឃាត់ខ្លួនបុរសម្នាក់នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ដោយមានការសហការជាមួយនគរបាលខេត្តកែប។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ដល់សារព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ នៅមុននេះបន្តិច។
ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ធ្វើឡើងនៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។
សូមបញ្ជាក់ផងដែរថា យុវជនរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនី facebook ក្លែងក្លាយជាច្រើនធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មានបំពុលសង្គម បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំកំពូល តាំងពីព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី អភិបាលខេត្ត រហូតដល់ស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាពលើគណនី Facebook ក្លែងក្លាយទាំងនោះ។
យុវជន ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់តាំងពីដើមឆ្នាំ២០១៦ ក្រោយមកនារី នោះបានផ្លាស់ប្ដូរមកធ្វើការនៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់គេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារីម្នាក់នោះមានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀតធ្វើអោយគេកើតចិត្តប្រចណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នារីនោះ ជាឪពុក និងជាមិត្តភ័ក្ររបស់នាងជាច្រើនទៀត ដើម្បីវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ចេតនាដើម្បីទំលាក់កំហុសអោយនាង ព្រមទាំងមិត្តភក្កិដៃគូរស្នេហា និងគ្រួសាររបស់នាងផងដែរ។
បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកែប កំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យនេះទៅតុលាការតាមនីតិវិធី។
អគ្គស្នងការនគរបាលជាតិ ក៏ដូចជានាយកដ្ឋានជំនាញនគរបាលបច្ចេកវិទ្យា បានក្រើនរំលឹកដល់អ្នកលេងបណ្តាញសង្គម សូមប្រើប្រាស់បណ្តាញសង្គមប្រកបដោយក្រមសីលធម៌ ជាពិសេសកុំប្រើប្រាស់បណ្តាញសង្គមធ្វើជាទីលានបញ្ចេញកំហឹងសងសឹកស្នេហា ដែលនាំអោយអាប់អោនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ ហើយនិងកុំព្យាយាមប្រើប្រាស់បណ្តាញសង្គម ដើម្បីប្រព្រឹត្តបទល្មើស ព្រោះមិនអាចគេចចេញពីសំណាញ់ច្បាប់បានឡើយ៕

 

មតិយោបល់