ព័ត៌មានជាតិ

កុមារី២នាក់ ជាសិស្សសាលា បបួលគ្នាទៅរាវខ្យង នៅប្រឡាយធំខាងក្រោយផ្ទះ បណ្តាលឲ្យលង់ទឹកស្លាប់

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ០១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩ និង៤០នាទី មានករណីលង់ទឹក បណ្ដាលឲ្យស្លាប់ (ទឹកប្រឡាយព្រែកធំ) នៅចំណុចប្រឡាយព្រែកធំខាងក្រោយផ្ទះ ស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ‌ចំនួន០២នាក់(ស្លាប់)៖១-កុមារី សុខឃី ធីតា អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ,២-កុមារី ភី សុខលាង អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ,កុមារី​ទាំងពីរនាក់ រស់នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

តាមការបំភ្លឺរបស់ឪពុកម្តាយ ជនរងគ្រោះទាំងពីរនាក់ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥ និង១០នាទី កុមារីទាំងពីរនាក់ បានបបួលគ្នាទៅរាវខ្យងនៅប្រឡាយធំខាងក្រោយផ្ទះ លុះដល់ម៉ោង១៩និង៣០នាទី ដោយមិនឃើញកុមារីទាំងពីរនាក់ត្រឡប់មកផ្ទះវិញ ក៏មានការសង្ស័យនាំគ្នាដើររក និងចុះទៅរាវរកនៅក្នុងទឹកប្រឡាយ ក៏បានប្រទះឃើញសាកសពកុមារី (ជនរងគ្រោះ)ទាំងពីរបានលង់ទឹកស្លាប់បាត់ទៅហើយ បន្ទាប់មក​ ខ្លួនបានយកសាកសពកុមាររងគ្រោះត្រឡប់មកផ្ទះ ។ បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីខាងលើភ្លាម សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកស្អាង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលខ្ពប គ្រូពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារសពបានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ផ្សេងទៀតទេ។

តាមការសន្និដ្ឋានពីលោកគ្រូពេទ្យនឹងជំនាញ ជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

បច្ចុប្បន្ន​ សពបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់