ព័ត៌មានជាតិ

មានទៀតហើយបងប្អូន! រកឃើញ ស្ករកៅស៊ូ ម្សៅស៊ុប នំដំឡូងស្រួយ នំស្រួយចម្រុះ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

បន្ទាយមានជ័យ: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផល និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារកុត្តសត ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើមួយចំនួន រួមមាន៖
-ស្ករកៅស៊ូ ចំនួន ១២ដុំ ស្មើនឹង ០.១៦គីឡូក្រាម
-ម្សៅស៊ុប ចំនួន ១១កញ្ចប់ ស្មើនឹង ៤.៤០គីឡូក្រាម
– នំដំឡូងស្រួយ ចំនួន ៦កញ្ចប់ ស្មើនឹង ០.៣០គីឡូក្រាម
-នំស្រួយចម្រុះ ចំនួន ១០កញ្ចប់ ស្មើ ០.៥០គីឡូក្រាម
សរុបមានចំនួន ៥.៣៦គីឡូក្រាម

បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់