ព័ត៌មានជាតិ

ប្តីរងរបួសធ្ងន់ដោយប្រពន្ធយកកូនកាំបិតចុងស្រួចចាក់កើតចេញពីហិង្សាក្នុងគ្រួសារ

មណ្ឌលគិរីៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសជាប្តីត្រូវបានប្រពន្ធយកកូនកាំបិតចិតបន្លែចាក់បណ្តាលឲ្យរងរបួសជាទម្ងន់បណ្តាលមកពីជម្លោះក្នុងគ្រួសារ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជនដៃដល់មានឈ្មោះញិះ យ៉េន ហៅដា អាយុ២៨ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។
ចំណែកជនរងគ្រោះជាប្តីឈ្មោះជឿន បុផាន់ អាយុ៣០ឆ្នាំ ជនជាតិព្នង មុខរបរកសិករ ទីលំនៅបច្ចុប្បន្នក្នុងភូមិឃុំកើតហេតុខាងលើត្រូវបានស្ត្រីជាប្រពន្ធចាក់ឲ្យត្រូវខាងលើដោះខាងស្ដាំប្រវែង២សង្ទីម៉ែត្រជម្រៅមិនទាន់ដឹងនៅឡើយ។បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
ករណីប្រើអំពើហិង្សាក្នុងគ្រួសារខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសែនមនោរម្យធ្វើការចាប់ឃាត់ខ្លួនស្ត្រីជាប្រពន្ធនាំមកអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់