បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានជនមិនស្គាល់មុខបានលួចគាស់សោរទ្វារកុដិព្រះចៅអធិការវត្តមុន្នីហែមវ័ន្តប៉ោយចារ ស្ថិតក្នុងភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ខណ:ពេលព្រះចៅអធិការវត្តនិមន្តទៅឆាន់ចង្ហាន់នៅសាលាឆាន់ខាងជើងកុដិប្រហែល១០០ម៉ែត្រ។
ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ព្រះចៅអធិការព្រះនាម អ៊ុល ឈី ព្រះជន្ម៧០ព្រះវស្សា គង់នៅវត្តមុន្នីហែមវ័ន្តប៉ោយចារ ។ តាមការរៀបរាប់របស់ព្រះចៅអធិការបានឲ្យដឹងថានៅមុនពេលកើតហេតុព្រះអង្គបាននិមន្តទៅសាលាឆាន់ ដែលនៅខាងជើងកុដិព្រះអង្គគង់នៅ ប្រហែល១០០ម៉ែត្រ ដោយមុនពេលនិមន្តចេញទៅឆាន់ចង្ហាន់ព្រះអង្គបានបិទទ្វារចាក់សោមិនបិទបង្អួច ពេលឆាន់ចង្ហាន់រួច ព្រអង្គនិមន្តមកដល់កុដិវិញស្រាប់តែឃើញស្នាមឆ្កឹះសោរទ្វារកុដិពេលចូលដល់ក្នុងកុដិឃើញធុងមានទំហំ០៤តឹកX០២តឹក ធ្វើអំពីស័ង្កសី ដែលព្រះអង្គទុកនៅក្រោមគ្រែសឹង្ហរបស់ព្រះអង្គ មានស្នាមវះដោយកាំបិតយកលុយខ្មែអស់ក្នុងកេះដែកនោះចំនួន៩.០០០.០០០រៀល(ប្រាំបួនលានរៀល);លុយខ្មែរទុកលើគ្រែចំនួន៣.៥០០.០០០រៀល(បីលានប្រាំសែនរៀល);ប្រាក់ថៃចំនួន១០.០០០បាត(១ម៉ឺនបាត);ទូរស័ព្ទដៃ០១គ្រឿង។
ប្រភពដដែលបានបញ្ជាក់ថា៖ បើតាមការបញ្ជាក់របស់ព្រះចៅអធិការប្រាប់ថា មុនពេលព្រះអង្គនិមន្តចេញពីកុដិទៅសាលាឆាន់បានឃើញមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណស្លៀកពាក់ស្អាតបាតអង្គុយលើម៉ូតូនៅខាងលិចកុដិប្រហែល២៥ម៉ែត្រ តែព្រះអង្គមិនបានចាប់អារម្មណ៍ នៅពេលត្រឡប់មកកុដិវិញក៏ឃើញទ្វារកុដិរបើកសោរ។ នគរបាលបានបញ្ជាក់ថា៖ ទាក់ទិនករណីចោរកម្មនេះកម្លាំងនគរបាលកំពុងដុតដៃដុតជើង ស្វែងរកមុខសញ្ញាចោរលួចយកទៅផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់