កំពតៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រគល់ម្ចាស់កាំភ្លើងដែលផ្ដល់ឲ្យបក្ខពួក បាញ់សន្ដិសុខក្រុមហ៊ុន សូ ងួន ស្លាប់ និងរបួសនៅខេត្តកំពត ជូនស្នងការដ្ឋាននគរបាលខេត្តកំពត។
ម្ចាស់កាំភ្លើងនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ នៅខេត្តពោធិ៍សាត់ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង សហការជាមួយកម្លាំងនគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែន ដែលមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
សូមរំលឹកថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឧកញ៉ា សូ ងួន នៅឃុំត្រពាំងផ្លាំង ស្រុកឈូក ខេត្ដកំពត រហូតឈានដល់ការប៉ះទង្គិចគ្នាមួយប្រាវ រវាងពលរដ្ឋ និងសន្ដិសុខក្រុមហ៊ុន នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងការប៉ះទង្កិចគ្នានេះ ប្រជាពលរដ្ឋបានប្រើប្រាស់កាំភ្លើងអាកា និងកាំភ្លើងស្នប់កែច្នៃ បាញ់បណ្ដាលឲ្យសន្ដិសុខម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់រងរបួសធ្ងន់។
សូមបញ្ជាក់ថា ជនរងគ្រោះទី១៖ ឈ្មោះ នួន ភ័ក្ត្រា អាយុ ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង រងរបួសត្រង់ក្រោមក្លៀក ស្លាប់នៅកន្លែងកើតហេតុ និងទី២៖ ឈ្មោះ ផន ដា អាយុ ៣១ឆ្នាំ មានស្រុកសំពៅមាស ខេត្តពោធិ៍សាត់ (របួសធ្ងន់) បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ៕
មតិយោបល់