ភ្នំពេញៈ បុរសម្នាក់ជាកម្មករសំណង់ រត់ចេញពីក្នុងសួនច្បារ មកឡើងលើម៉ូតូគំរាម ជនរងគ្រោះជាអ្នកដឹកអីវ៉ាន់ online យកសោត្រូវជនរងគ្រោះ ប្រតាយប្រតប់ស្រែកឲ្យគេជួយ ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។
ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចរង្វង់មូលនាងមច្ឆា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ យិន ណុច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅមិនពិតប្រាក ។ ចំណែកជនរងគ្រោះឈ្មោះ ចាន់ វ៉ាន់ឌី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាអ្នកដឹកអីវ៉ាន់តាមអនឡាញ មានទីលំនៅ ស្នាក់នៅម្ដុំកាណាឌីយ៉ា ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1FH6407 បានធ្វើដំណើរចេញពីលើស្ពានបាឡេ មកដល់ចំណុចរង្វង់មូលនាងមច្ឆា ជនរងគ្រោះបានឈប់ម៉ូតូ ក្នុងគោលបំណងទៅលេងទូរស័ព្ទខល ទៅរកអតិថិជនយកអីវ៉ាន់អនឡាញ ខណៈពេលដែលជនរងគ្រោះ កំពុងតែខលទូរស័ព្ទ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ចេញមកពីក្នុងសួនច្បារ មកទះស្មាពីរបីដៃគំរាមយកសោម៉ូតូ ភ្លាមនោះត្រូវបានជនរងគ្រោះ មិនឲ្យក៏មានការប្រតាយប្រតប់គ្នា ហើយបានស្រែកឲ្យគេជួយ ខណៈនោះត្រូវបានប្រជាពលរដ្ឋ រួមទាំងសន្តិសុខការពារ នៅជិតកន្លែងកើតហេតុ បានចេញមកជួយហើយចាប់ជនសង្ស័យចងស្លាបសេក រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ។
ក្រោយកើតហេតុ សមត្ថកិច្ចមកដល់ ក៏បាននាំខ្លួនជនសង្ស័យយកទៅកាន់នគរបាលប៉ុស្តិ៍ជ្រោយចង្វា ដើម្បីសាកសួរទៅតាមនីតិវិធី ៕
មតិយោបល់