ភ្នំពេញៈ បុរសញៀនថ្នាំម្នាក់ ដែលតែងតែអុកឡុកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងធ្លាប់បំផ្លាញផ្ទះសំបែង ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ ខណៈពេលដែលឥទ្ធិពលថ្នាំញៀនរើឡើង បានតខ្សែភ្លើងរុំដៃ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ការពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៣៦៣ ភូមិអណ្តូង៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ប៉ន ស្រស់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអតីតជាងភ្លើង និងមានប្រពន្ធឈ្មោះ ចុង សុខលាប មានអាយុ៤៥ឆ្នាំ មានកូនប្រុស៣នាក់ នៅក្នុងបន្ទុក ។
តាមប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅវេលាមុនពេលកើតហេតុ គាត់ភ្ញាក់ពីដេក ក៏បានឮសំឡេងប្តីច្រៀងលេង ។ ក្រោយមកគាត់បានចេញពីផ្ទះ ខាងក្រោយ ដើរមកមុខក៏បានឃើញប្តីត្រូវខ្សែភ្លើងឆក់ស្លាប់ ។ កន្លងមកប្តីជាមនុស្សញៀនថ្នាំ ពេលជាតិថ្នាំរើម្តងៗ តែងតែវាយបំផ្លិចបំផ្លាញរបស់របរ និងធ្លាប់ដុតផ្ទះចំនួន២ដង និងធ្លាប់នគរបាលចាប់បញ្ជូន ទៅកាន់មណ្ឌកែប្រែជាច្រើនដង ។
តាមនគរបាល ឲ្យដឹងថា បុរសរូបនោះបានតខ្សែភ្លើងរញ៉េរញ៉ៃ ភ្ជាប់នៅកង្ហារ និងយកទៅរុំដៃ ហើយដោតចូលព្រី បណ្តាលឲ្យឆក់ស្លាប់នៅក្បែរធុងបាស់ ។
គួរបញ្ជាក់ថា កាលពីប្រមាណជាង១ឆ្នាំមុន បុរសរូបនោះបានដុតផ្ទះ បណ្តាលឲ្យឆេះផ្អើលរថយន្តពន្លត់អគ្គិភ័យទៅជួយពន្លត់ ហើយបុរសរូបនោះបានឡើងទៅលើដំបូលផ្ទះ ។ គេនៅចាំបានថា ពេលនោះ កម្លាំងកងរាជអាវុធហត្ថ ក៏បានចុះទៅអន្តរាគមន៍ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងជាប់គុក១ឆ្នាំ ទើបចេញបានប្រមាណ៦ខែ ហើយក៏តភ្លើង យកមកចងកដៃ បណ្តាលឲ្យឆក់ស្លាប់។
រួចក៏រាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យបន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ទៅក៏រាយការណ៍ប្រាប់ជំនាញកោសល្យវិច្ច័យ រាជធានីចុះធ្វើកោសល្យវិច្ច័យ ដល់កន្លែងកើតហេតុ បានបញ្ជក់ថា បុរសខាងលើដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន រួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យ ៕
មតិយោបល់