ព័ត៌មានជាតិ

ជាងផ្ទះ ២នាក់ ជិះម៉ូតូបុករថយន្តដឹកខ្សាច់បត់ឆ្លងផ្លូវ បណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗ

ភ្នំពេញ: បុរសជាជាងផ្ទះពីរនាក់បានបោកក្បាលស្លាប់នៅកន្លែងហ្នឹងកន្លែងភ្លាមៗ ខណ:ពេលដែលជិះម៉ូតូមួយគ្រឿងចូលរាជធានីភ្នំពេញ ជ្រុលទៅបុករថយន្តដឹកខ្សាច់មួយគ្រឿង ដែលបត់ឆ្លងផ្លូវពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៧និង ២០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៦ ទល់មុខវត្តវត្តចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនរងគ្រោះដែលបានស្លាប់១ឈ្មោះ ជេ ជាតិ អាយុ ៣១ឆ្នាំ ជាជាងផ្ទះឈើមានស្រុកកំណើតភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទី២.ឈ្មោះ ឈឿន ឆោម អាយុ ៤៨ឆ្នាំ ជាជាងផ្ទះដូចគ្នាស្នាក់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
អ្នកទាំង២ ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី២០១២ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1J-8955 មួយគ្រឿងបានបោកក្បាលបាក់ក ស្លាប់ដោយជើងទាំងពីរគងលើម៉ូតូ។

ចំណែករថយន្តដឹកខ្សាច់ម៉ាក DONG FENG ពណ៌សបើកបរដោយឈ្មោះ ហៀង គឹមហាក់ ភេទប្រុស អាយុ ២៥ឆ្នាំ មានលំនៅភូមិព្រែកកន្ទួត ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវនគរបាលឃាត់ខ្លួន។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងខាងលើធ្វើដំណើរផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានី។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកខ្សាច់មួយគ្រឿងធ្វើដំណើរ ពីត្បូង ទៅជើងបញ្ច្រាស់ទិសគ្នាឲ្យបត់ធ្វេងឆ្លងផ្លូវដោយសារតែល្បឿនលឿនម៉ូតូក៏បានបុករថយន្តចំកណ្ដាលពេញទំហឹង បណ្ដាលឲ្យបោកក្បាលបាក់កស្លាប់ទាំងពីរនាក់។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួន។
ចំណែករថយន្តនិងអ្នកបើកបរព្រមទាំងម៉ូតូ ត្រូវបាននគរបាលបានចុះទៅវាស់វែង រួចបញ្ជូនទៅកាន់ការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ រីឯសពត្រូវបានក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់