ព័ត៌មានជាតិ

២នាក់ក្របួចជាប់និង២នាក់ទៀតរត់រួចបន្ទាប់ពីឆក់កាបូបចំនារីក្លាហាន

ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវតាមចាប់បានចំណែក២នាក់ទៀតជិះរត់គេចបាត់ស្រមោល បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច កាលពីវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាម២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់បានទី១មានឈ្មោះ អឿន រតន អាយុ១៦ឆ្នាំ រស់នៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី២មានឈ្មោះ សុ ធារ៉ា អាយុ១៦ឆ្នាំ រស់នៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។បក្ខពួក២នាក់ទៀតជិះគេចបាត់ស្រមោល និងសម្ភារដកហូតបានម៉ូតូម៉ាកស្តុបពីពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IL-9990 និងមួយគ្រឿងទៀតឌ្រីមសង់ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-2841 ជារបស់ជនសង្ស័យ។

ចំណែកជនរងគ្រោះមានឈ្មោះ​ ពៅ ស្រីនិច្ច ភេទស្រី អាយុ២២ឆ្នាំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុនារីរងគ្រោះជិះម៉ូតូស៊េរីឌ្រីមសង់ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ1IE-8789​ បានធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទីតាំងកន្លែងកើតហេតុក្នុងទិសដៅពីកើតទៅលិចតែម្នាក់ឯង ស្របពេលនោះស្រាប់តែលិចមុខក្រុមជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ៣គ្រឿងតាមមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបរបស់នារីរងគ្រោះបានសម្រេច រួចនាំគ្នាព្យាយាមជិះគេចខ្លួនតែត្រូវជនរងគ្រោះជិះដេញតាមនិងស្រែកឆោឡោពីក្រោយបានប្រហែល៥០០ម៉ែត្រទើបចាប់បានជនសង្ស័យ២នាក់ ចំណែកបក្ខពួក២នាក់ទៀតជិះគេចបាត់ស្រមោល។

ក្រោយកើតហេតុជនសង្ស័យបាននាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញដើប្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់