កណ្តាលៈ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន២នាក់មកតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោស និងលោកនេន២អង្គទៀត ត្រូវបាននគរបាលស្រុកកោះធំដោះលែងយកទៅអប់រំនៅមណ្ឌលកែប្រែ។
ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទី១.ឈ្មោះ ផុន ម៉ារ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ និងទី២.ឈ្មោះ ហួរ គឹមហ័ង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម មុខរបរ មិនពិតប្រាកដ។
ចំណែកឯលោកនេន២អង្គ ត្រូវបាននគរបាលស្រុកកោះធំ ធ្វើការដោះលែងយកទៅអប់រំទី១ឈ្មោះ សឿង សុផានី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្យា ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាព្រះសង្ឃ និងទី២.ឈ្មោះ ខែម រ៉ាមី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃមិច ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាព្រះសង្ឃ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល សមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំបានចល័តល្បាតក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង។ ភ្លាមៗនោះបានទទួលព័ត៌មានពីមហាជនថា មានសកម្មភាពលក់ និងចែកចាយគ្រឿងញៀននៅចំណុចកើតហេតុខាងលើ។ ពេលនោះសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ក៏បានជួបមុខសញ្ញាសង្ស័យ២នាក់ឈ្មោះ ផុន ម៉ារ៉ាឌី ភេទប្រុស និងឈ្មោះ ហួរ គឹមហ័ង ភេទស្រី កំពុងជិះម៉ូតូ ហើយបានហៅឲ្យឈប់ត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូច នៅក្នុងកាបូបស្ពាយរបស់ ហួរ គឹមហ័ង។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ រួមជាមួយថ្នាំញៀនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរបន្តចាត់ការតាមនីតិវិធី។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន៣កញ្ចប់តូចខាងលើនេះ គឺពិតជារបស់ខ្លួនទុកលក់ និងចែកចាយបន្តឲ្យគេប្រាកដមែន ហើយថ្នាំញៀននោះគឺពួកខ្លួនទិញយកមកពីឈ្មោះ លូ ភេទប្រុស អាយុប្រហែល២៧ឆ្នាំ ជនជាតិខ្មែរ នៅម្ដុំខាងមុខមន្ទីពេទ្យរូស្សី រាជធានីភ្នំពេញ។
ជនល្មើសទាំង២ខាងលើក៏បានបញ្ជាក់ប្រាប់ថា ខ្លួនក៏បានលក់ថ្នាំញៀននេះឲ្យទៅលោកនេន២អង្គដែលគង់នៅវត្តសំប៉ានយកទៅប្រើប្រាស់ផងដែរ។
ក្រោយទទួលបានព័ត៌មាននេះកម្លាំងនគរបាលកោះធំ ក៏បន្តចុះទៅគោលដៅវត្តដើម្បីស្វែងរកអ្នកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននោះ។ វេលាម៉ោង២រសៀលថ្ងដដែលក្នុងបរិវេណវត្តសំប៉ាន ភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ បានជួបជនសង្ស័យ២នាក់ឈ្មោះ សឿង សុផានី និងឈ្មោះ ខែម រ៉ាមី ក៍ធ្វើការឃាត់ខ្លួនតែម្តង។ វត្ថុតាងចាប់ដកហូតយក១/-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។២/-ទូរសព្ទចល័តចំនួន០១គ្រឿង។ ពេលជួបប្រទះព្រះសង្ឃ២អង្គ កំពុងសេពប្រើប្រាស់(ជក់)គ្រឿងញៀន នៅក្នុងកុដ សមត្ថកិច្ចក៏ចាប់ឃាត់ និងបានទូលព្រះចៅអធិការវត្ត។
ពេលនោះព្រះចៅអធិការវត្តបានរាយការណ៍ទៅខាងធម្មការស្រុក រួចបានផ្សឹកព្រះសង្ឃទាំង២អង្គនោះ រួចប្រគល់ឲ្យសមត្ថកិច្ច។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ខែម រ៉ាមី និង សឿង សុផានី បានសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនជាមួយគ្នាប្រាកដមែន ដោយថ្នាំញៀនដែលពួកខ្លួននាំគ្នាជក់នោះ គឺទើបនិងទិញពីឈ្មោះ ម៉ារ៉ាឌី ភេទប្រុសនិងឈ្មោះ គឹមហ័ង ភេទស្រី ក្នុងតម្លៃ ៣០,០០០រៀលប្រាកដមែន៕
https://youtu.be/OhJ_tLdN0XY
















មតិយោបល់