ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យចំនួន១៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងធ្វើសកម្មភាពបង្កអសន្តិសុខ

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៧ និង៣០នាទីយប់ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញ ប្រតិបត្តិការបង្រ្កាបចាប់ខ្លួន ជនសង្ស័យគ្រឿងញៀន១៧នាក់ ដែលធ្វើសកម្មភាពបង្កអសន្តិសុខ និងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចក្នុងមូលដ្ឋាន នៃសង្កាត់ទឹកថ្លា និងជាមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងមួយកន្លែង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យគ្រឿងញៀន១៧នាក់ ក្នុងនោះមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់មានឈ្មោះ ឡុង វិសាល ភេទប្រុស អាយុ២០ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងគ្មានទីកន្លែងពិតប្រាកដ ចំណែក១៦នាក់ទៀត ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលពួកគេជាអ្នកទិញថ្នាំញៀនពីឈ្មោះ ឡុង វិសាល ។

លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា កម្លាំងនគរបាលជំនាញបង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀនខាងលើ មានការសម្របសម្រួលនីតិវិធី ដោយកញ្ញាព្រះរាជអាជ្ញារង សុង ឆវ័ន្ត និងអនុវត្តតាមបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានប្តឹងរាយការណ៍មកកម្លាំងសមត្ថកិច្ចអំពីករណីមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ ដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ។

លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើ ដោយមុនដំបូងកម្លាំងសមត្ថកិច្ចបានបង្រ្កាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង វិសាល ដកហូតគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០២ថង់តូច ។
ក្រោយពីឃាត់ខ្លួនជនស្ស័យនេះហើយ ក៏បានបន្តចុះធ្វើរដ្ឋបាលនៅចំណុចខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន១៦នាក់ទៀត និងម៉ូតូ០៩គ្រឿង ។

ចំណែកឯវត្ថុតាងដកហូតរួមមាន៖ គ្រឿងញៀន០២ថង់តូច ម៉ូតូ០៩គ្រឿង ។

បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បាននឹងបន្តស្រាវជ្រាវស្វែងរក បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធ និងការផ្គត់ផ្គង់គ្រឿងញៀន ទៅឱ្យជនសង្ស័យគ្រឿងញៀនខាងលើ ៕

មតិយោបល់