ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើ អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ជួយបណ្តុះបណ្តាលភាសាបារាំង ដល់កងកម្លាំង រក្សាសន្តិភាពរបស់កម្ពុជា និងស្នើឲ្យជួយសាងសង់ បន្ទប់សម្រាប់ ដាក់ម៉ាស៊ីនកុំព្យូទ័រ ដើម្បីបម្រើការ ស្រាវជ្រាវ ភាសាបារាំង នៅមជ្ឈមណ្ឌល កងកម្លាំង រក្សាសន្តិភាព របស់កម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានធ្វើឡើង ក្នុងពេលដែលលោក ទទួលជួប សំណេះសំណាល ការងារជាមួយលោក Eric Normand THIBEAULT តំណាងអង្គការអន្ដរជាតិ ហ្វ្រង់កូហ្វូនី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ។
ក្នុងជំនួបនាព្រឹកមិញនេះ លោកប្រាក់ សុខុន ក៏បានគូសបញ្ជាក់ ប្រាប់លោក Eric Normand THIBEAULT ដែរថា ក្រសួងការបរទេស កំពុងសិក្សា បង្កើតវិទ្យាស្ថាន បណ្តុះបណ្តាលអ្នកការទូត ហើយក៏បានស្នើហ្រ្វង់កូហ្វូនី ជួយគាំទ្រ មជ្ឈមណ្ឌលនេះផងដែរ ដើម្បីពង្រឹងសមត្ថភាព មន្រ្តីការទូតរបស់កម្ពុជា។
ឆ្លើយតបសំណើរនេះ លោក Eric Normand THIBEAULT បានសន្យាថា នឹងលើកទៅពិភាក្សា ជាមួយថ្នាក់ដឹកនាំ អង្គការហ្រ្វង់កូហ្វូនី ដើម្បីពិនិត្យ និងសម្រេច។
សូមបញ្ជាក់ថា នៅក្នុងជំនួបនាព្រឹកមិញនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក Eric Normand THIBEAULT ក៏បានពិភាក្សាគ្នា ពីការពង្រឹងទំនាក់ទំនង រវាងកម្ពុជា និងអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនីផងដែរ។ ដើម្បីពង្រឹងទំនាក់ទំនង ភាគីទាំងពីរគ្រោង នឹងរៀបចំតាំងពិព័រណ៍ រូបថតបង្ហាញពី ស្នាព្រះហស្ថ របស់អតីត ព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ផងដែរ។
បើតាមលោក Eric Normand THIBEAULT នៅក្នុងខែតុលាខាងមុខនេះ អគ្គលេខាធិការអង្គការ ហ្រ្វង់កូហ្វីនី លោកស្រី ម៉ៃឃែរីក ហ្សល ក៏គ្រោង នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជាផងដែរ៕
មតិយោបល់