បន្ទាយមានជ័យៈ រថយន្តសាំយ៉ុងកែច្នៃ ដឹកសត្វជ្រូកពី ព្រំដែនកម្ពុជា-ថៃ ឆ្ពោះទៅក្រុងប៉ោយប៉ែត ក្រឡាប់ ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ និងងាប់ជ្រូកអស់ជាច្រើនក្បាល កាលពីថ្ងៃត្រង់ទី១១ ខែសីហា ឆ្នាំ២០១៦ លើកំណាត់ផ្លូវលេខ២៥៨D ក្នុងភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
តាមការឲ្យដឹងពីយោធា ឈរជើងក្បែរចំណុចកើតហេតុ បានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរក្រឡាប់ ខាងលើ ជារថយន្តម៉ាកស៊ាំយ៉ុង ពណ៌ក្រហមខៀវ ច្នៃដឹកសត្វជ្រូក ពីព្រំដែនថៃ នៃឃុំអូរបីជាន់ ឆ្ពោះទៅក្រុងប៉ោយប៉ែត ពេលមកដល់ចំណុច កើតហេតុខាងលើ បានរេចង្កូត ចេញពីផ្លូវហើយក្រឡាប់ ចូលក្នុងប្រឡាយទឹកជាប់ផ្លូវ បណ្តាលឲ្យ បុរសម្នាក់គាបជាប់ ក្នុងរថយន្តឈ្លក់ ទឹកស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ជាមួយ និងសត្វជ្រូកជាច្រើន ក្បាលត្រូវងាប់ ។ ភ្លាមៗនោះ សមត្ថកិច្ចនគរបាល និងសមត្ថកិច្ចអាវុធហត្ថ បានចុះអន្តរាគមន៍ សង្គ្រោះជនរងគ្រោះដែលរងរបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យ ។
ដោយឡែកលោក ម៉ក់ សាក់ អធិការរងស្រុកអូរជ្រៅ ទទួលបន្ទុកចរាចរណ៍ បានឲ្យដឹងថា ហេតុការណ៍នេះ សមត្ថកិច្ច ពុំទាន់បានសន្និដ្ឋាន ថាមកពីអ្វីនោះទេ ហើយអ្នកស្លាប់គឺជាព្រូរថយន្ត ចំណែកតៃកុងរថយន្ត បានរត់គេចខ្លួន បាត់ បន្សល់ តែព្រូម្នាក់ទៀត ដែលរងរបួស គិតតែពីយំ មិនអាចសួរអ្វីដឹងនៅឡើយ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែស្ទូច យករថយន្តមករក្សាទុក នៅអធិការស្រុកអូរជ្រៅ ឯជ្រូកប្រមាណជា២០ក្បាល ត្រូវបានម្ចាស់ឈ្មោះ សឿន មកទទួលយក។ គួរបញ្ជាក់ថា រថយន្តដឹកសត្វ និងរថយន្តដឹកទំនិញ ភាគច្រើននៅខេត្តបន្ទាយមានជ័យ បានកែច្នៃខុសបច្ចេកទេស និងតែងបង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ ៕
មតិយោបល់