ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ១គ្រឿងបើកល្បឿនលឿន បុកបង្គោលភ្លើង បណ្តាលឲ្យមនុស្ស២នាក់​ស្លាប់

កណ្តាល: នៅថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០១និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកបង្គោលភ្លើង បណ្ដាលឲ្យមនុស្សប្រុស-ស្រីចំនួន២នាក់ស្លាប់ ត្រង់ចំណុចខាងមុខផ្ទះចែ អូន លក់គ្រឿងសំណង់ លើផ្លូវ២០៦ ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក BMW ពណ៌ខ្មៅ គ្មានផ្លាកលេខ (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ នៅ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ ស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល និងអ្នករួមដំណើរពីក្រោយឈ្មោះ ប៊ី ភេទស្រី អាយុ២៧ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុងតាខ្មៅ ម៉ូតូបើកក្នុងទិសដៅពី ត្បូងទៅជើង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅ បុកបង្គោលភ្លើងបំភ្លឺផ្លូវតែម្ដង ។ ជនរងគ្រោះទាំងពីរនាក់ បានស្លាប់ខណ:ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជម្នះ ។

ការខូតខាត៖ ម៉ូតូធ្ងន់០១គ្រឿង និង បង្គោលភ្លើងបំភ្លឺផ្លូវ០១ដើម ។

មូលហេតុ៖ មកពីអ្នកបើកបរម៉ូតូ បើកបរលើផ្លូវកោង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ យកមធ្យោបាយពាក់ព័ន្ធមករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីធ្វើតាមនីតិវិធីផ្លូវច្បាប់។ រីឯសាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់