ពោធិ៍សាត់ៈ នៅវេលាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ សពនារី ដែលលោតទឹកសម្លាប់ខ្លួនប៉ុន្មានថ្ងៃមុន ពេលនេះ រកឃើញហើយ ដោយសព ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្ដែតទឹកស្ទឹង ក្នុងសភាពហើមស្អុយ ស្ថិតក្នុងទឹកស្ទឹងពោធិ៍សាត់ក្បែរផ្ទះប្រជាពលរដ្ឋ ភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង/ខេត្តពោធិ៍សាត់។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង៥ និង៥៧នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មាននារីម្នាក់ មកធ្វើអត្តឃាត (លោតទឹក) ត្រង់ចំណុចស្ពានដែកផ្លូវរថភ្លើង ឆ្លងស្ទឹងពោធិ៍សាត់ ចន្លោះភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ និងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង/ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ហេង ស្រីពេជ្រ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នករត់ក្នុងហាងមួយកន្លែង ទីលំនៅកំណើតភូមិបានលង់ សង្កាត់ឡាបានសៀក ក្រុងបានលង់ ខេត្តរតគីរី បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ ។
មូលហេតុ៖ មានទំនាស់ជាមួយសង្សារ។
វត្ថុតាងបន្សល់នៅកន្លែងកើតហេតុ រួមមាន៖ ស្បែកជើង ០១គូ អាវ ០១ កាបូបស្ពាយ០១ ក្នុងកាបូបមានលុយជាង ២ម៉ឺនរៀល ទូរស័ព្ទចុចពិល ០១គ្រឿង និងសម្ភារ:ផាត់មុខ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើកោសល្យវិច័យរួច ប្រគល់សពជនរងគ្រោះទៅឲ្យឈ្មោះ សេក ចាវណា ភេទស្រី អាយុ ៣៤ឆ្នាំ អ្នកជិតខាងយកទៅធ្វើបុណ្យតាមប្រពៃណី៕
ហាមលួចចម្លងអត្តបទ ដោយគ្មានការអនុញ្ញាត៖
មតិយោបល់