ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកពញាឮឃាត់ខ្លួន នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១​ ក្នុងករណីរំលោភលើទំនុកចិត្ត យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ដែល​ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ចំណុចភូមិចេតិយទ្រេត ឃុំ វិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិ ខ្មែរ មុខរបរលក់ដីឡូត៍ មានទីលំនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកជនសង្ស័យឈ្មោះ ទេព ណាវុន ភេទប្រុស ឆ្នាំកំណើត១៩៨២ ជនជាតិ ខ្មែរ មុខរបរ ប្រធានក្រុមហ៊ុន ទេព ណាវុន (លក់ស្ករស) មានទីលំនៅភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ ឈ្មោះ ហ៊ែល រ៉េត បានយករថយន្តរបស់ជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត ម៉ាក MG RX8 ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 2BG-6948 យកមកលក់ទៅឲ្យជនសង្ស័យឈ្មោះ ទេព ណាវុន ក្នុងតំលៃ៥០០០០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីនិយាយត្រូវរូវគ្នា ជនសង្ស័យឈ្មោះ ទេព ណាវុន បានប្រគល់ប្រាក់ មកឲ្យជនរងគ្រោះចំនួន ១០០០០ដុល្លារសិន ដោយសន្យាប្រគល់ប្រាក់គ្រប់ចំនួន ៤០០០០ ដុល្លារទៀត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ។ លុះមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ជាថ្ងៃកំណត់ប្រគល់ប្រាក់គ្រប់ចំនួន ជនសង្ស័យ មិនមានប្រាក់សង ហើយបានគេចវេស មិនព្រមចូលខ្លួនមកជួបដោះស្រាយ ជាមួយជនរងគ្រោះឡើយ ។ រហូតមកដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ទេព ណាវុន បានចេញមូលប្បទានប័ត្រដែលកំណត់ សាច់ប្រាក់ចំនួន៤០០០០ដុល្លារ នៅធានាគារវឌ្ឍនៈចំកាត់(ABA) ឲ្យទៅឈ្មោះ ហ៊ែល រ៉េត ជាមិត្តភក្តិរបស់ជនរងគ្រោះ ដើម្បីបើកប្រាក់ពីធានាគារឲ្យទៅជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត (ម្ចាស់រថយន្ត) ប៉ុន្តែមូលប្បទានប័ត្រ ដែលជនសង្ស័យចេញឲ្យនោះគឺគ្មានសាច់ប្រាក់ទេ ចាប់ពីថ្ងៃនោះមកជនរងគ្រោះ បានតេទូរស័ព្ទទៅជនសង្ស័យមិនលើក ព្រមទាំងគេចវេសរហូត ។ រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើ ជនសង្ស័យឈ្មោះ ទេព ណាវុន អំពី រឿងហេតុខាងលើនៅតែម្តង ។

បន្ទាប់ពីកម្លាំងជំនាញទទួលបានពាក្យបណ្ដឹងខាងលើ ភ្លាមនោះក៏ធ្វើការកោះហៅជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីឃាត់ខ្លួនសាកសួរ ចាត់ការតាមនីតិវិធី ៕

មតិយោបល់