កំពង់ចាមៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពងចាម បានបញ្ជាដល់កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ ខ្លូត ហ៊ាន់ អធិការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាប្រុក និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងលេងអាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចតាមផ្លូវលំចូលចំការកៅស៊ូ និងចំការចន្ទីរ ស្ថិតក្នុងភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។
ជាលទ្ធផល សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាប កាន ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម និងដកហូតវត្ថុតាងរួមមាន៖
១-ម៉ូតូចំនួន០៣គ្រឿង,២-ជញ្ជីងសំរាប់ថ្លឹងសត្វមាន់ចំនួន០១គ្រឿង,៣-ស្កុតរុំជើងមាន់មួយចំនួន,៤-ហាន់តោអាប៉ោងចំនួន០១
៥-មេអាប៉ោងចំនួន០១,៦-ផ្តិលគ្របចានអាប៉ោងចំនួន០១,៧-ស្បែកជើងចំនួន០៣គូរ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនជូនមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕




មតិយោបល់