ភ្នំពេញៈ យុវជនម្នាក់ជាជាងដែក ខណៈដែលរួមជាមួយជាងផ្សេងទៀតសរុប៦នាក់ នាំគ្នាឡើងកាត់ស្លាកប៉ាណូលើដំបូលឃ្លាំង ដោយធ្វេសប្រហែស ធ្វើឲ្យកម្មករម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗនៅលើដំបូល តែដោយសារម្ចាស់ទីតាំងភ័យខ្លាច ពាក់ព័ន្ធ ក៏បានបង្ខំឲ្យក្រុមជាង ហៅរថយន្តដឹកសពយកទៅសង្គ្រោះទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចឃ្លាំងចាស់មួយកន្លែង តាមផ្លូវចោមចៅ មុខច្រកចូលផ្ទះឡ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
សពជនរងគ្រោះដឹករត់យកទៅតំកល់ទុកនៅវត្តទឹកថ្លា រួចបានរាយការណ៍ប្រាប់សមត្ថកិច្ចជាក្រោយ ។
សពជនរងគ្រោះ គ្រាន់តែស្គាល់ឈ្មោះ មាក់ មានអាយុជាង ២០ឆ្នាំ មុខរបរ កម្មករជាងដែក ស្នាក់នៅផ្ទះមេជាង រួមជាមួយកម្មករផ្សេងទៀត នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ជនរងគ្រោះ មានស្រុកកំណើត ស្រុកចំការលើ ខេត្តកំពង់ចាម ។
វត្តមានក្រុមជាងរួមការងារ ជាមួយជនរងគ្រោះ មួយក្រុម ក្នុងនោះ មានមេកម្មករ ជាស្ត្រីម្នាក់ នៅវត្តទឹកថ្លា ដាក់បម្រាម មិនឲ្យកម្មកររបស់ខ្លួន និយាយមូលហេតុ ដែលកើតឡើងឡើយ។
តែបើតាមពលរដ្ឋឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ទីតាំងឃ្លាំងខាងលើ ជួលឲ្យក្រុមហ៊ុនឯកជនមួយ លុះដល់ចប់កុងត្រា ម្ចាស់ឃ្លាំងបានជួល កម្មករមួយក្រុម ឲ្យធ្វើការរុះរើ ស្លាកប៉ាណូចេញ ហើយនៅវេលាម៉ោងខាងលើ ខណៈដែលកាត់ស្លាក ទម្លាក់ចុះហើយ នៅសល់តែបង្គោលមួយដើម កាត់ហើយ លើកបម្រុងដាក់ចុះបែរជាទៅប៉ះនឹងខ្សែកាបភ្លើង ដែលមានតង់ស្យុងខ្ពស់ ទើបធ្វើឲ្យឆ្លងឆក់ កម្មករម្នាក់ បណ្តាលឲ្យស្លាប់នៅដល់ដំបូលស័ង្កសី ។
ក្រោយកើតហេតុភ្លាមៗ ម្ចាស់ទីតាំងបង្ខំឲ្យក្រុមកម្មករ ដាក់ជនរងគ្រោះចុះ ព្យាយាមយកទៅសង្រ្គោះនៅពេទ្យក្បែរនោះរួច គ្រាន់តែពិនិត្យ ដឹងថាស្លាប់ហើយ ម្ចាស់ឃ្លាំង បង្ខំឲ្យក្រុមកម្មករទំនាក់ទំនង ហៅរថយន្តគ្លីនិកឯកជន ដឹកសពចេញ ដើម្បីយកសពទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ តែដោយសារ ជនរងគ្រោះ ក្លាយជាសពបាត់ទៅហើយ រថយន្តបានដឹកសព យកទៅតំកល់ទុកនៅវត្តទឹកថ្លា ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចជាក្រោយ ។
ពលរដ្ឋនៅកន្លែងកើតហេតុ បានរិះគន់ផងដែរ ដល់ម្ចាស់ទីតាំងឃ្លាំង ខ្លាចពាក់ព័ន្ធ សមត្ថកិច្ចស៊ើបអង្កេត វែងឆ្ងាយ ទើបបង្ខំឲ្យក្រុមជាងដែក ហៅឡានពេទ្យធ្វើយ៉ាងណា ចាត់ចែងឲ្យបានលឿន ដឹកសពចេញឲ្យរហ័ស ផុតតែពីផ្ទះរបស់ខ្លួន ។
តែបើតាមកម្មករម្នាក់ គ្រាន់តែបង្ហើបឲ្យដឹងថា មុនកើតហេតុ ម្ចាស់ឃ្លាំងជួលក្រុមជាងរបស់ខ្លួនតម្លៃ ៥០ដុល្លារ ឡើងដោះស្លាកប៉ាណូចាស់ចេញ ខណៈដែលជិតរួចហើយ សល់បង្គោលដែកមួយដើម ជនរងគ្រោះលើកប៉ះខ្សែកាបភ្លើងបណ្តាលឲ្យឆ្លងឆក់តែម្តង ។
សពជនរងគ្រោះក្រោយពីនាំគ្នាដឹករត់ ទីបំផុតយកទៅតំកល់ទុកនៅវត្តទឹកថ្លា ហើយត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ១ ចុះទៅសាកសួរ ដល់ក្រុមជាង កម្មករ និងសាកសួរស្រាវជ្រាវ ស្វែងរកសាច់ញាតិ ៕
មតិយោបល់