ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បណ្តាលឲ្យជនរងគ្រោះស្លាប់

កណ្តាលៈ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះស្លាប់ កើតឡើងនៅចំណុចភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះម្នាក់ភេទប្រុស ត្រូវបានជនសង្ស័យម្នាក់ភេទប្រុស យកដុំឥដ្ឋវ៉ៃត្រូវក្បាល ផ្នែកខាងក្រោយរបស់ជនរងគ្រោះជាទម្ងន់ ហើយបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ ឪពុកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត មានការសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងតំណាងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ។
កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

មតិយោបល់