ព័ត៌មានជាតិ

ក្រុមបង្កហិង្សាដោយចេតនា ប្រដាប់ដោយកាំបិតកែច្នៃនិងផ្លែរណាចំនួន៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

បាត់ដំបង: នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទីនៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តន៍តាមបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួល លើនីតិវិធី ពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានឱ្យកម្លាំងនគរបាលក្នុងផែន ដែលមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិត ស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ដោយកាំបិត ) ០១ករណី ដោយបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៣នាក់ មកកាន់ស្នងការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ ។

១-ឈ្មោះ ហ៊ាង គឹមហាង ហៅជ្រុយ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
២-ឈ្មោះ ចាយ ដូ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ឆាំ សំបូរ ហៅ ទីន ភេទប្រុ ស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទីនៅចំណុចក្នុងបរិវេណស្ថានីយរថភ្លើង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាព ប្រើហិង្សាកាប់ដោយកាំបិតលើជនរងគ្រោះឈ្មោះ ឡុង ញើង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាម រយ:ការស្រាវជ្រាវ និងអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ទើបឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលើ មកធ្វើការស្រាវជ្រាវ។

វត្ថុតាងដកហូតរួមមាន ៖ – កាំបិត កែច្នៃ ០១ ដើម – ផ្លែរណាសម្រាប់អារទឹកកក ០១ – ដែកឆាប ០១។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់