បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី មានករណីក្មេងទំនើងមួយក្រុមធ្វើឱ្យខូចដោយចេតនា (កាប់រថយន្តស៊ីរ៉ែនពេទ្យដឹកអ្នកជំងឺ) មានគ្នា៣នាក់ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បណ្តាលឱ្យដាច់ថ្នាំឡាន កំពិតទ្វារខាងស្តាំ និងបែកកញ្ចក់ខាងមុខ ។
លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យលោក ឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយកម្លាំងជំនាញក្រុងប៉ោយប៉ែត និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២១ បានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់៖
១-ឈ្មោះ ខេង វាសនា ប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
២-ឈ្មោះ ខេង សុឃីម ប្រុស អាយុ២០ឆ្នាំ រស់នៅ ភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
៣-ឈ្មោះ ឈូន វីរះ ហៅ ម៉ូវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ករណីជនសង្ស័យទាំង៣នាក់នេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់