ព័ត៌មានជាតិ

កាប់លោកមេភូមិ ហើយដុតម៉ូតូនិងផ្ទះខ្លួនឯងផ្អើលសមត្ថកិច្ចស្រុកស្វាយជ្រំតាមឃាត់បានភ្លាមៗ

ស្វាយរៀង: កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានករណីបុរសម្នាក់ពេលត្រឡប់ពីភ្នំពេញមកជួបប្រពន្ធនៅស្រុកកំណើតស្រាប់តែមានជម្លោះគ្នាយ៉ាងខ្លាំងហើយបុរសជាប្តីបានគំរាមរកអារ.កសម្លាប់ប្រពន្ធធ្វើឱ្យប្រពន្ធមានការភ័យខ្លាចក៏រត់ទៅប្តឹងមេភូមិ ពេលដែលលោកមេភូមិសួរនាំក៏កាប់បណ្ដាលឲ្យរងរបួសហើយដុតម៉ូតូនិងផ្ទះខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ។

 

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ កែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកេីតហេតុខាងលើ។

ចំណែកលោកមេភូមិដែលរងគ្រោះមានឈ្មោះ សួស សារី ភេទប្រុសអាយុ៧០ឆ្នាំ មុខរបរមេភូមិត្របែកប្រហោង រស់នៅក្បែរភូមិកើតហេតុខាងលើ ត្រូវជនសង្ស័យយកពូថៅកាប់ត្រូវ៦កន្លែង ហើយត្រូវបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។

ប្រភពដដែលបានបន្តទៀតថា ចំណែកសម្ភារខូចខាតរួមមាន ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ឆេះអស់ទាំងស្រុងនិងសម្ភារផ្សេងៗមួយចំនួនទៀត។

មូលហេតុដោយជនសង្ស័យត្រឡប់មកពីភ្នំពេញវិញដល់ផ្ទះបានរករឿងឈ្លោះជាមួយប្រពន្ធនិងបានគំរាមរកអារ.កធ្វើឲ្យប្រពន្ធភ័យក៏បានរត់ចេញផ្ទះដើម្បីទៅប្តឹងលោកមេភូមិ។

ក្រោយមក លោកមេភូមិបានជិះម៉ូតូមកដល់ស្រាប់តែ ជនសង្ស័យបានយកពូថៅកាប់និងវាយត្រូវក្បាលនិងដងខ្លួនលោកមេភូមិបណ្ដាលឲ្យរងរបួសធ្ងន់ ហើយក៏បានយកដែកកេះ កេះដុតផ្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

រហូតមកដល់រសៀលថ្ងៃដដែលនេះសមត្ថកិច្ចនិងកងរាជអាវុធហត្ថស្រុកបានឃាត់ជនសង្ស័យមានពូថៅជាប់ខ្លួន យកមកចាត់ការតាមនិតិវិធីច្បាប់បានហើយ៕

 

មតិយោបល់