ព័ត៌មានជាតិ

ជនជាតិចិន ២នាក់ ឈ្លោះប្រកែកវាយតប់គ្នា បើករថយន្តស៊េរីទំនើប BMW X6 បុកឡើងខឿនសួនច្បារ រងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីបុរសជនជាតិចិន ២នាក់ ឈ្លោះប្រកែកគ្នាឈានដល់ការវាយតប់គ្នា រួចក៏ឡើងបើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនជ្រុលទៅបុកខឿនសួនច្បារពេញទំហឹង បណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះ ស្ថិតត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនចំនួនពីរនាក់ ស្រវឹងជោកជាំបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង និងឈានដល់ការវាយតប់គ្នាទៅវិញទៅមក នៅត្រង់ចំណុចខាងមុខមន្ទីរពេទ្យព្រះកេតុមាលា តាមបណ្ដោយផ្លូវ៤៧ ក្នុងសង្កាត់ស្រះចក ដោយមិនដឹងថាមានជម្លោះរឿងអ្វីនោះទេ បន្ទាប់មកក៏មានប្រជាពលរដ្ឋដែលនៅជិតនោះ បានចូលទៅជួយឃាត់និងចាប់បំបែកបុរសជាជនជាតិចិនទាំងពីរនាក់នោះចេញពីរគ្នា។ បន្តិចក្រោយមកប្រុសទាំងពីរនាក់នោះ ក៏បាននាំគ្នាឡើងជិះរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក BMW X6 ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជា MR.TOMI ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៧ ពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅត្រង់ទៅបុកឡើងរំលងខឿនសួនច្បារ ពីចំណុចផ្លូវឡើងស្ពានជ្រោយចង្វាររហូតដល់ផ្លូវ ចុះពីលើស្ពានជ្រោយចង្វារទើបរថយន្តអស់ល្បឿនទៅមុខលែងរួច បណ្តាលឲ្យរថយន្តផ្ទុះពោងសុវត្ថិភាព និងបែកកង់ខាងមុខចំហៀងខាងឆ្វេងចំណែកឯខឿនសួនច្បារបានរងការបន្តិចបន្តួច។ បន្ទាប់ពីបុករួចបុរសជាជនជាតិចិនទាំងពីរនាក់នោះ ក៏បានឈ្លោះគ្នាម្តងទៀត រួចមកក៏មានគ្នីគ្នារបស់ពួកគេបានបើករថយន្តមួយគ្រឿងផ្សេងទៀត មកដឹកយកបុរសទាំងពីរនាក់នោះ គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ចោលរថយន្តដែលរងការខូចខាតនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បានចុះធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕

មតិយោបល់