ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ ធ្លាប់ជាប់ពន្ធនាគារ ខណៈផឹកស៊ីទាស់ពាក្យសម្តីគ្នា ប្រើអំពើហិង្សា ចាប់ដាក់បញ្ជូនវិញ

កណ្តាល: នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ៣០ នាទី មានករណីជនសង្ស័យម្នាក់ ផឹកស៊ីទាស់ពាក្យសម្តីគ្នា បណ្តាលឲ្យប្រើអំពើហិង្សា ត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំណុចភូមិ ពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វង្ស ពិសី ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ទីលំនៅភូមិ ពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ឃុត រ៉ានឿន ភេទប្រុស ឆ្នាំកំណើត ១៩៩០ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិ ពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្តាល បានធ្វើតេស្តរកសារធាតុញៀន នៅក្នុងទឹកនោម (អវិជ្ជមាន) ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាល រយ:ពេល០៣ខែ ពីបទ:ហិង្សាដោយចេតនា។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ឃុត រ៉ានឿន កំពុងផឹកស៊ីនៅ ផ្ទះរបស់ខ្លួន ជាមួយឈ្មោះ ចេង ធី ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាមិត្តភ័ក្ក ក្នុងពេលនោះជនរងគ្រោះឈ្មោះ វង្ស ពិសី បានដើរមកចូលរួមផឹកស៊ី ជាមួយជនសង្ស័យក្នុងស្ថានភាពស្រវឹងស្រាស្រាប់ ក្នុងពេលកំពុងផឹកស៊ីនោះ ជនរងគ្រោះឈ្មោះ វង្ស ពិសី បានសួរទៅជនសង្ស័យឈ្មោះ ឃុត រ៉ានឿន ថា បងឯងខឹងខ្ញុំរឿងអ្វី? ភ្លាមនោះជនសង្ស័យឈ្មោះ ឃុត រ៉ានឿន ក៏តបទៅវិញថា អញខឹងហ្អែងរឿងហ្អែងថា កូនអញមិនដឹងជាកូននរណា រួចហើយជនរងគ្រោះ និងជនសង្ស័យក៏ទំនាស់ទាក់ពាក្យសម្តីគ្នា ទៅវិញទៅមក ភ្លាមនោះជនរងគ្រោះឈ្មោះ វង្ស ពិសី បានដើរចេញពីកន្លែងផឹកស៊ី មកលើផ្លូវបេតុង កន្លែងកើតហេតុ ខាងលើ ខណ:ពេលនោះជនសង្ស័យឈ្មោះ ឃុត រ៉ានឿនបានដើរសំដៅរកជនរងគ្រោះ ហើយបានដាល់លើ ជនរងគ្រោះឈ្មោះ វង្ស ពិសី ចំក្បាល និង ចំមាត់ បណ្តាលឲ្យបាក់ធ្មេញដួលសន្លប់បន្ទាប់មកក្រុមគ្រួសារ របស់ជនរងគ្រោះ បានដឹកជនរងគ្រោះ ទៅព្យាបាលរបួស នៅមន្ទីរពេទ្យ អារុណរះ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ក្រោយមកទៀត ឪពុករបស់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន ប្តឹងទៅលើជនសង្ស័យខាងលើ ក្រោយពីទទួល ពាក្យបណ្តឹងរួចកម្លាំងប៉ុស្តិ៍រដ្ឋបាល ព្រែកតាទែន បានធ្វើការនាំខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮសាកសួរនិងចាត់ការតាមនីតិវិធី៕

មតិយោបល់