ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសន្តិសុខក្រុមហ៊ុនម្នាក់ ករណីលួចម៉ូតូ

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ​ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ២៤Eo ផ្លូវ១១៣ ក្រុមទី៣០ ភូមិ០៤ សង្កាត់បឹងកេងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហ៊ុន លីហុក ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរស្នាក់ នៅផ្ទះលេខ១៥z ផ្លូវ៣០០ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ សន្តិសុខក្រុមហ៊ុន។

ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០២:៣០នាទី ទៀបភ្លឺ ជនសង្ស័យបានដើរចេញពីហូបបាយឆា នៅម្តុំមុខរោងកុនគីរីរម្យ រួចធ្វើដំណើរមកកន្លែងណេតនៅផ្លូវ១១៣ ពេលមកដល់កន្លែងណេត ជនសង្ស័យក៏បានជួបឈ្មោះ អាតឿ នៅមុខហាងណេត ភ្លាមនោះឈ្មោះអាតឿ បានប្រាប់ឲ្យជនសង្ស័យដើរចូលទៅលួចយកម៉ូតូ ០១គ្រឿង ម៉ាក SUZUKI Smash ពណ៌ខ្មៅ ដែលចតទុកនៅមុខផ្ទះណេត ដោយពុំបានចាក់សោ។

ក្រោយពេលលួចម៉ូតូបានសម្រេច ក៏បណ្តើរម៉ូតូមកដល់ម្តុំកន្លែងលក់ស៊ុប ជនសង្ស័យក៏បានប្រគល់ម៉ូតូទៅឲ្យឈ្មោះ តឿ ហើយឈ្មោះតឿ បានឲ្យលុយមកជនសង្ស័យចំនួនពីរម៉ឺនរៀល ហើយក៏ជិះម៉ូតូគេចខ្លួនបាត់។ លុះដល់ថ្ងៃទី២៥ ខែមករា ​ឆ្នាំ២០២១ វេលាម៉ោង១៣:៣០នាទី ប្រធានក្រុមហ៊ុនសន្ដិសុខ បានពិនិត្យមើលក្នុងកាំមេរ៉ាសុវត្ថិភាព ស្គាល់ជនសង្ស័យ ព្រោះជាបុគ្គលិកសន្ដិសុខរបស់ខ្លួន ក៏ឃាត់ខ្លួនជនសង្ស័យនាំប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី២ ដើម្បីសាកសួរតែម្ដង។

សម្ភារ:ចាប់យក៖ ទូរស័ព្ទ ០១គ្រឿង ម៉ាកoppo ពណ៌ទឹកមាស។ សម្ភារ:បាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាកម៉ាក SUZUKI Smash ពណ៌ខ្មៅ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់