ព័ត៌មានជាតិ

រថយន្តលាយបេតុង បើកទាក់ខ្សែភ្លើង បណ្តាលឲ្យបាក់បង្គោលដួលសង្កត់ត្រូវរថយន្ត១គ្រឿងទៀតខ្ទេចផ្នែកខាងមុខ

ភ្នំពេញៈ រថយន្តលាយបេតុងមួយគ្រឿង រងការខូចខាត បន្ទាប់ពីរថយន្តមួយគ្រឿងទៀត បើកខាងមុខទាក់ខ្សែភ្លើង បណ្តាលឲ្យបាក់បង្គោលដួលត្រូវកាប៊ីន ខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តលាយបេតុង២គ្រឿង បានបើកមុខក្រោយគ្នា ដោយរថយន្តខាងមុខ ពាក់ស្លាកលេខ ភ្នំពេញ 5A-2791 ដែលធ្វើដំណើរតាមបណ្តោយផ្លូវបេតុងខាងលើ ក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បានបត់ឆ្វេងដោយសារផ្លូវកោង ស្រាប់តែទាក់ខ្សែភ្លើងពេញទំហឹង បណ្តាលឲ្យបាក់បង្គោលដែលជាប់នឹងខ្សែភ្លើង ដួលចំកាប៊ីនរថយន្តលាយបេតុងដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ-5A-2789 ដែលដែលធ្វើដំណើរតាមក្រោយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទីតាំងកន្លែងកើតហេតុ រួចទាក់ទៅផ្នែកជំនាញចរាចរណ៍ និងខាងអគ្គិសនី ចុះពិនិត្យជាក់ស្តែង ដើម្បីធ្វើការដោះស្រាយ តាមនីតិវិធីផ្លូច្បាប់ ៕

មតិយោបល់