បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កដោយសារបុរសម្នាក់បើកម៉ូតូខ្វះការប្រុងប្រយ័ត្នបុកដុំថ្មនៅលើផ្លូវ បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី នៅចំណុចក្រុមទី៣០ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៥១-២៥២ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី១២៥ ស៊េរីឆ្នាំ២០១៥ (ឡើងតែម ២០២០) ពាក់ផ្លាកកលេខ បាត់ដំបង ១T-០៥៨១ បើកបរដោយឈ្មោះ ផាត់ រំភើយ ភេទប្រុស ឣាយុ៣៧ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ឌុបស្ត្រីម្នាក់ឈ្មោះ ចាន់ លឿម ហៅ អ៊ុ អាយុ៦៦ឆ្នាំ រស់នៅភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើដំណើរពីទិសភ្នំពេញឆ្ពោះទៅទិសបាត់ដំបង។
សមត្ថកិច្ចបន្តថា ពេលបើកមកដល់ចំណុចខាងលើ ក៏បានបុកដុំថ្មជើងទម្របង្គោលឫស្សីសម្រាប់ចែកគន្លងផ្លូវ ធ្វើឲ្យបាក់ខ្នងម៉ូតូ និងកាំម៉ូតូខាងមុខ (កាំបន្ទះ) រួចដួលបោកទៅនឹងផ្លូវបណ្ដាលអោយស្ត្រីជាអ្នករួមដំណើរស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែកខ្លួនជាអ្នកបើកបររងរបួសស្រាលម្នាក់។
ករណីនេះ កម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែង ។ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់