Post News Media ព័ត៌មានជាតិ រថយន្តឡិចស៊ីស...

រថយន្តឡិចស៊ីសRX330 ស្លាកលេខ ភ្នំពេញ 2AO-3784 ពន្លះសួនចែកផ្លូវរងការខូចខាត

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងបុរស៣នាក់ទៀតបើករថយន្តមួយគ្រឿងទំនងជាស្រវឹងស្រាបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកសួនចែកផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច។ ចំណែករថយន្តដាច់ក្រឡេកង់មុខខាងឆ្វេងទៅមុខលែង​រួច​។

ហេតុ​ការណ៍នេះកើតឡើងនៅវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា ចំណុចមុខកងព្រុំ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរស៣នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-3784 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដោយផ្លូវកោងផងនោះបានជ្រុលទៅបុកសួនចែកផ្លូវពេញទំហឹងបណ្ដាលឲ្យ​រងការខូចខាតបន្តិចបន្តួច។ ចំណែករថយន្តបង្កដាច់ក្រឡេទៅមុខលែងរួចតែសំណាងល្អមិនមានអ្នក​របួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕