បន្ទាយមានជ័យៈ យុវជនជាកម្មករនំបុ័ងម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី១២ ខែសីហាឆ្នាំ២០១៦នេះ ក្រោយបង្កហឹង្សាលើយុវជនម្នាក់ទៀតក្នុងវង់ផឹកស៊ី។ លោកអនុសេនីយ៍ឯក គុណ ណាវ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យុវជនដែលត្រូវឃាត់ខ្លួនមានឈ្មោះ ផៃ រិទ្ធី ជាកម្មករធ្វើនំបុ័ង នៅចំណុចសិប្បកម្មនំប័ុង ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួនធ្វើឡើងតាមបណ្តឹងជនរងគ្រោះ ឈ្មោះ រ៉េត សង់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំគូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅក្នុងបណ្តឹងជនរងគ្រោះ បានរៀបរាប់ថាវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ក្រោយពីសម្រាកពីការងារឈ្មោះ រ៉េត សង់ ដើរកាន់ចានបាយ ដើម្បីហូប ពេលនោះខ្លួន(ផៃ រិទ្ធី) និងមិត្តភក្តិធ្វើការជាមួយគ្នាផ្សេងទៀត កំពុងអង្គុយផឹកស្រានៅទីនោះដែរ ហើយក៍បានហៅឈ្មោះរ៉េត សង់ មកផឹកស្រាជាមួយ ព្រមទាំងបាននិយាយពីនេះពីនោះ។
ក្រោយមកការជជែកគ្នាលេងក៏មានភាពតឹងសរសៃកដាក់គ្នា រហូតក្លាយជាជម្លោះវាយតប់គ្នាតែម្តង់។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ជនសង្ស័យបានសារភាព នៅចំពោះសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់មែន ព្រោះតែខឹងខ្លាំងពេក។
ក្រោយសួរនាំសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងខ្លួនជនបង្កទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីរួចហើយ៕
មតិយោបល់