ភ្នំពេញៈ ក្នុងកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ នាថ្ងៃទី១២ ខែសីហា នឹងជម្រុះបេក្ខភាពមួយរូបទៀតហើយ នៅវេលាម៉ោង៨យប់នេះ។ នេះជាការទម្លាក់បុគ្គលទី៥ បន្ទាប់ពីពួកគេត្រូវប្រកួតប្រជែងគ្នាលើវិញ្ញាសាលក់សំបុត្រ ដើម្បីស្វែងរកភ្ញៀវឲ្យចូលមកទស្សនាទស្សនីយភាពសិល្បៈ នៅសមាគមសុវណ្ណភូមិ តាំងពីដើមសប្ដាហ៍។
កាលពីសប្តាហ៍មុន កម្មវិធីបានបាត់បង់បេក្ខជនឈ្មោះ លូ យូវ ដែលជាបេក្ខជនទី៤រួចម្នាក់ទៅហើយ នៅក្នុងកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ ដែលជាកម្មវិធីកំពុងពេញនិយមនៅក្នុងស្រទាប់មហាជនរបស់ទូរទស្សន៍ PNN ជាពិសេសអ្នកចូលចិត្តទស្សនាគំនិតពាក់ព័ន្ធនឹងអាជីវកម្ម។
នៅយប់ថ្ងៃសុក្រនេះ បេក្ខជន៣រូប ត្រូវគេមើលឃើញថា ស្ថិតក្នុងការប្រឈមខ្ពស់ គឺបេក្ខជន លី រីនី កែវ បេក្ខជន សិរីរត្នន៍ ឬបេក្ខជន អ៊ួយ សុគន្ធា។ នេះជាកម្មវិធីប្រកួតប្រជែងដែលផ្សាយពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៨យប់ ដោយថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ គឺជាការប្រកួតប្រជែង ហើយយប់ថ្ងៃសុក្រ គឺជាយប់ទម្លាក់ចោលបេក្ខភាពម្នាក់។ អ៊ីចឹងហើយទើបកម្មវិធីនេះ មានការចាប់អារម្មណ៍ជាងគេនៅថ្ងៃយប់ថ្ងៃសុក្រ។
«មុខរបរខ្ញុំ» រដូវកាលទី២ គឺជាកម្មវិធីចាប់ផ្ដើម កាលពីថ្ងៃច័ន្ទ ទី៤ ខែកក្កដា ឆ្នាំ២០១៦ ដោយគ្រោងបញ្ចប់ក្នុងរយៈពេល៩សប្ដាហ៍។ កម្មវិធីនេះ តម្រូវឲ្យបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹងមានភ្ញៀវកិត្តិយសមកពីវិស័យខុសៗគ្នា ចូលរួមនិយាយពីបទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ ត្រូវប្រឹងបញ្ចេញសមត្ថភាពការងារប្រកួតប្រជែងគ្នា ដើម្បីឆ្ពោះទៅឈ្នះរង្វាន់ទឹកប្រាក់ចំនួន២០លានរៀល៕
មតិយោបល់