ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​គោរព​ជូន​ពរ​ខួបកំណើត​សម្តេច​ប្រធានរដ្ឋសភា​

​ភ្នំពេញ​៖ ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៤ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ចូលរួម​អបអរសាទរ​យ៉ាង​កក់ក្តៅ ជាទីបំផុត ជូន ចំពោះ​សម្តេច​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​សម្តេច​អគ្គ​មហា​ពញា​ចក្រី​កិត្តិ ព្រឹទ្ធ​បណ្ឌិត ហេង សំរិន ប្រារព្ធ​បុណ្យ ខួបកំណើត​គម្រប់ ៨០ ឆ្នាំ ឈានចូល ៨១ ឆ្នាំ​ដែល​ចូលមក​ដល់​នៅ​ថ្ងៃ ទី ២៥ ខែ​ឧសភា ឆ្នាំ ២០១៤ ខាងមុខនេះ​។​

​នៅក្នុង​លិខិត​ជូនពរ​ចុះ​ថ្ងៃទី ២៣ ខែ​ឧសភា ឆ្នាំ ២០១៤ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ថ្លែងថា យើង ខ្ញុំ​ទាំងអស់គ្នា​ជា​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិករាជការ​នៃ​ក្រសួង​ព័ត៌មាន សូម​អនុញ្ញាត​សម្តែង​នូវ​អំណរ​សាទរ យ៉ាង​កក់ក្តៅ​បំផុត ប្រកបដោយ​មនោសញ្ចេតនា​រំភើប​រីករាយ យ៉ាង​ក្រៃលែង និង​គោរព​ជូនពរ​ជូន​ចំពោះ សម្តេច​សូម​ប្រកប​ដោយ​កម្លាំង​មាំមួន អាយុ​យ៉ឺនយូរ ដើម្បី​ដឹកនាំ​អង្គការនីតិបញ្ញត្តិ នៃ​ព្រះរាជាណាចក្រ កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ថែមទៀត ។​

​ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍ថា យើង​ទាំំង​អស់​គ្នា​ជា​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិករាជការ​នៃ​ក្រ​សូង ព័ត៌មាន​សូម​សម្តែង នូវ​ការគោរព​កោតសរសើរ​យ៉ាង​ស្មោះស្ម័គ្រ​បំផុត ចំពោះ​ស្នាដៃ​ដ៏​ឧត្តុង្គឧត្តម​របស់ សម្តេច​ប្រធានរដ្ឋសភា ដែល​សម្ត​ច​បាន​ខិតខំ យក​អស់ពី​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី​ក្នុង​បេសកកម្ម ដឹកនាំ​ស្ថាប័ន​រដ្ឋសភា ដែល​ជា​អង្គនីតិបញ្ញត្តិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យមាន​ការវិវឌ្ឍ​រីកចម្រើន​ឥត​ឈប់ ឈរ ពិសេស​ការកសាង​ច្បាប់​នានា​ជាច្រើន ក្នុង​អាណត្តិ​រដ្ឋសភា​នា​ពេលកន្លងមក និង​បន្ត​ដឹកនាំ​ក្នុង​អាណត្តិ ទី ៥ នេះ សំដៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​ជាងនេះទៀត សម្តេច​ក៏​បាន​យកចិត្ត​ទុក ដាក់​ចំ​ពោះ​សភាពការណ៍​តំបន់ និង​សភាពការណ៍​អន្តរជាតិ ដែល​កំពុង​វិវឌ្ឍន៍​តាម​និន្នាការ​សន្តិភាព សហ ប្រតិបត្តិការ និង​អភិវឌ្ឍន៍​ដើម្បី​ការពារ​ភាពសុខសាន្ត និង​ឈរ​លើ​មូលដ្ឋាន​ស្មើ​សិទ្ធិ គោរព​ឯករាជ្យ អធិប តេ​យ្យ បូរណភាព​ទឹកដី ថែរក្សា​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កត់សម្គាល់​ថា សម្តេច​អគ្គ​មហា​ពញា​ចក្រី​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​លោកជំទាវ ក៏ បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​ការកសាង​សមិទ្ធផល​ជាច្រើន​សម្រាប់​វិស័យ​សង្គមជាតិ ទាំង​ផ្នែក អាណាចក្រ និង​ពុទ្ធចក្រ​សំដៅ​បម្រើ​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋ ទូទៅ និង​ទុក​សម្រាប់​កូនចៅ​ជំនាន់ ក្រោយ​ផង​ដែរ ។ ក្នុង​នាម​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិករាជការ​នៃ​ក្រ​សូង​ព័ត៌មាន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គោរព បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​ប្រោះព្រំ ស័ព្ទ​សាធុការពរ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​ថ្លៃថ្លា​ជូន​សម្តេច​ប្រធានរដ្ឋសភា និង​លោកជំទាវ ព្រមទាំង បុត្រ​ធីតា ចៅប្រុស ចៅស្រី សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង ឡើយ​៕
1456931_540849829339536_470525957_n
​ប្រភព​៖ AKP​

មតិយោបល់