កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧និង០៦នាទីព្រឹក ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធនិងករណី ធ្វើឱ្យខូចខាតដោយចេតនា កើតហេតុកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទី នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្រ្តីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង០២នាក់ មានម្នាក់មានដីកាបង្គាប់ឱ្យចាប់ខ្លួន និងជាប់ពាក់ព័ន្ធបទល្មើសជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន គឺឈ្មោះ ខេង ភារី ហៅពៅ ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដីឡូត៍ មានទីលំនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្តាល។
មុខសញ្ញាខាងលើនេះ ធ្លាប់ជាប់ពន្ធនាគារ០២លើក លើកទី១ជាប់នៅខេត្តកណ្តាល ពីបទហិង្សាដោយចេតនា លើកទី២ជាប់នៅខេត្តកំពង់ស្ពឺ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ មានដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ។ ដីកាលេខ២៤៥ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ។
ប្រភពដដែលបន្តថា នៅវេលាម៉ោង០៨និង៣០ព្រឹក នាថ្ងៃខែឆ្នាំដដែល ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដោយមានការចូលរួមពីលោកនាយប៉ុស្តិ៍ លោកក្រុមប្រឹក្សា ឃុំលោកមេភូមិ នៅចំពោះមុខជនសង្ស័យ កម្លាំងជំនាញបានធ្វើការឆែកឆេរផ្ទះ និងរោងចិញ្ចឹមមាន់របស់ឈ្មោះ ខេង ភារី ហៅពៅ នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល បានរកឃើញថ្នាំញៀនចំនួន ១១១ កញ្ចប់តូច និងថង់វេចខ្ចប់ថ្នាំញៀន មួយចំនួន ដែលជនសង្ស័យបានលាក់ទុក ក្នុងកាបូបដៃហើយស៊កកប់នៅក្នុងដំបូលរោងមាន់ (ដំបូលប្រក់ស្លឹក) ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ខេង ភារី បានឆ្លើយថា ថ្នាំញៀននៅចំពោះមុខពិតជារបស់ខ្លួនពិតប្រាកដមែន ហើយថ្នាំញៀននេះ ខ្លួនបានទិញពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះយកមកលក់ឱ្យ នៅតាមផ្លូវជាតិម្តុំកំបូល តម្លៃ១៥០ដុល្លារ (មួយរយហាសិបដុល្លារ) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយខ្លួនបានយកមកលក់បន្តឱ្យទៅឈ្មោះ រី ភារុណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់