ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ត ចំពីចំហៀងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩ និង១០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តតូយូតា RUSH ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-9428 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ បត់ឆ្វេងដៃជិតផុតហើយ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក Smash REVO ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1A-6940 បើកបរដោយយុវជនម្នាក់ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបុកចំពីចំហៀងរថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋ ទំនាក់ទំនងហៅរថយន្តសាមុយ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម៉ូតូ និងរថយន្តរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ចុះមកដល់ទីតាំងកើតហេតុ ហើយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តយល់ព្រមជួយសងថ្លៃការខូចខាត ទៅលើម៉ូតូរបស់ជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
មតិយោបល់