ព័ត៌មានជាតិ

ជាងក្រឡឹងគ្រឿងរថយន្តម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីចាប់រំលោភសេពសន្ថវៈលើអនីតិជន

សៀមរាបៈ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីទទួលបណ្ដឹងពីក្រុមគ្រួសាររបស់ជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប ដោយមានការចូលរួមពីកម្លាំងប្រជាការពារ និងកម្លាំងផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យមួយនាក់ យកមកសាកសួរនាំ ។

ជនសង្ស័យឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងក្រឡឹងគ្រឿងរថយន្ត មានទីលំនៅបច្ចុប្បន្ន ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានសារភាពថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទីល្ងាច នៅចំណុចក្នុងព្រៃចំរាក់ភ្នំក្រោម ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប (កន្លែងកើតហេតុមិនច្បាស់លាស់ព្រោះយប់ងងឹត) ក្រុង-ខេត្តសៀមរាប ខ្លួនបានបើកម៉ូតូឌុបជនរងគ្រោះឈ្មោះ ង.ស.ព ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងមណ្ឌលកុមារកំព្រា “បាត់ធើផ្លាយ ផារ៉ាដាយ” ស្ថិតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មកដល់ចំណុចខាងលើ ក្នុងព្រៃស្ងាត់ ក៏បានធ្វើសកម្មភាព ចាប់បង្ខំ និងទះកំភ្លៀងទៅលើជនរងគ្រោះជាច្រើនដៃ រួចធ្វើសកម្មភាព រំលោភបានសម្រេចមួយដង ដោយបាននិយាយគំរាម ជនរងគ្រោះ មិនឱ្យស្រែក ក្រោយពីធ្វើសកម្មភាព ជនសង្ស័យ បើកម៉ូតូឌុប ជនរងគ្រោះមកផ្ទះរបស់គេ រួចហើយជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់ ។

វត្ថុតាងដកហូតបាន៖ ខោអាវរបស់ជនរងគ្រោះ ដែលមានស្នាមប្រឡាក់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប សហការជាមួយផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់